តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧនាយករដ្ឋមន្ត្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជម្រាបជូនសាធារណជនថាសម្ដេចមានវិជ្ជមានជំងឺកូវីដ-១៩ ដូចមានខ្លឹមសារដើមភ្ជាប់ជូនខាងក្រោមនេះ។

ជនរួមជាតិជាទីគោរពស្រលាញ់!

ខ្ញុំសូមជម្រាបជូនថា បន្ទាប់ពីអការៈសុខភាពខុសប្លែកពីធម្មតាបន្តិចបន្តួច ខ្ញុំបានធ្វើតេស្តរកឃើញថាមានវិជ្ជមានជំងឺកូវីដ-១៩។ ខ្ញុំក៏បានណែនាំក្រុមគ្រួសារ និងអ្នកនៅជុំវិញធ្វើតេស្ត និងតាមដានសុខភាពដូចគ្នាដែរ។

សម្រាប់ពេលនេះ ខ្ញុំបានអនុវត្តតាមវិធានសុខាភិបាល ដោយដាក់ខ្លួននៅដាច់ដោយឡែក និងធ្វើលំហាត់ប្រាណ។ យ៉ាងណា ខ្ញុំនៅតែអាចបំពេញការងារពីបន្ទប់ដាច់ដោយឡែកក្នុងគេហដ្ឋានរបស់ខ្ញុំជាធម្មតា។

ជាមួយគ្នានេះ ខ្ញុំក៏ស្នើសុំការអធ្យាស្រ័យសម្រាប់ការលុបចោល និងការអវត្តមានពីកម្មវិធីការងារនានាមួយរៈពេលខ្លី ហើយខ្ញុំនឹងធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីអំពីបញ្ហាសុខភាពនេះជូនជនរួមជាតិនៅពេលជាសះស្បើយពីជំងឺ។

សូមអរព្រះគុណ និងអរគុណ!

សូមបញ្ជាក់ថានាប៉ុន្មានថ្ងៃចុងក្រោយនេះ សម្ដេចក្រឡាហោម ស ខេង មានភាពមមាញឹកខ្លាំងទាំងកម្មវិធីប្រជុំនៅក្រសួងមហាផ្ទៃ ជួបពិភាក្សាការងារជាមួយភ្ញៀវបរទេស ដង្ហែព្រះមហាក្សត្រក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លជួបសំណេះសំណាលជាមួយមន្រ្តី និងនិវត្តន៍ជននៅស្រុកកំរៀង ក្រុងបាត់ដំបង និងស្រុកថ្មគោល និងបំពាក់មេដាយជូនអត្តពលិកក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងបិទវគ្គបណ្ដុះបណ្ដាលនគរបាលនៅបណ្ឌិត្យសភានគរបាលកម្ពុជា។

សម្រាប់ថ្ងៃទី១១ ខែឧសភា សម្ដេចបានអញ្ជើញសម្ពោធអគារសិក្សានៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សាខាក្រុងបាត់ដំបង ខេត្តបាត់ដំបង និងបានធ្វើដំណើរមករាជធានីភ្នំពេញភ្លាមៗក្រោយចប់កម្មវិធី ដើម្បីទទួលបដិសណ្ឋារកិច្ចសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មាតុភូមិនិវត្តន៍ពីចូលរួមកិច្ចប្រជុំអាស៊ាននៅប្រទេសឥណ្ឌូនេស៊ី៕

Share.