កាលពីយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នាយិកាគ្រប់គ្រងក្លិបវិសាខា កញ្ញា អ៊ូ បញ្ញាសុកិត្យា បានថ្លែងនៅលើគេហទំព័រហ្វេសប៊ុក ជុំវិញព្រឹត្តិការណ៍ស៉ីហ្គេមលើកទី៣២ ដែលកីឡដ្ឋានព្រីនស៍ ទទួលធ្វើជាម្ចាស់ផ្ទះពូល B វិញ្ញាសាបាល់ទាត់បុរសអាយុក្រោម២២ឆ្នាំ បានបញ្ចប់ដោយជោគជ័យ។

កញ្ញា អ៊ូ បញ្ញាសុកិត្យា បានថ្លែងដូច្នេះថា៖«ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ កីឡដ្ឋានព្រីនស៍ ការប្រកួតបាល់ទាត់បុរសជម្រុះពូល B នៃព្រឹត្តិការណ៍ស៉ីហ្គេមលើកទី៣២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺបានបញ្ចប់ការប្រកួតនៅកីឡដ្ឋានព្រីនស៍ដោយជោគជ័យត្រឹមល្ងាចនេះ»។

«ជាដំបូងនាងខ្ញុំសូមអរគុណដល់ថ្នាក់ដឹកនាំជាពិសេស លោកជំទាវប្រធានក្លិប កែ សួនសុភី​ ដែលផ្ដល់សេចក្ដីទុកចិត្តនិងឱកាសអោយនាងខ្ញុំដឹកនាំប្រតិបត្តិការណ៍នៃដំណើរការប្រកួត»។

«ទី២ នាងខ្ញុំសូមអរគុណដល់បុគ្គលិកក្លិបកីឡាបាល់ទាត់វិសាខាទាំងអស់ ដែលចូលរួមចំណែកក្នុងការរៀបចំការប្រកួតទាំង១០ប្រកួត យ៉ាងយកចិត្តទុកដាក់និងមិនរ៉ារ៉ែក ទោះមេឃក្ដៅត្រជាក់ភ្លៀងឬការបុកសំរុកចូលនៃទស្សនិកជនច្រើនយ៉ាងណា ក៏នៅតែឈរជើងតាមគោលដៅដែលបានដាក់ជូនហើយព្យាយាមដោះស្រាយរាល់បញ្ហាដែលមាន»។

«ទី៣ សូមអរគុណដល់មហាជន បងប្អូន ទាំងអស់ដែលយោគយល់និងអធ្យាស្រ័យដល់ក្រុមការងារយើងខ្ញុំ ព្រោះមហាព្រឹត្តការណ៍នេះ ការរៀបចំទ្រង់ទ្រាយធំហើយមិនមានភាពងាយស្រួលទេ ទាំងការគ្រប់គ្រងសំបុត្រ ច្រកចូល ចំណត កៅអីអង្គុយ ការថែរក្សាសុវត្ថិភាពជូនបងប្អូន ការបង្កបរិយាកាសអោយមានភាពងាយស្រួលនិងសំបូរសប្បាយជូនអ្នកទាំងអស់គ្នា»។

«នាងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងបន្តមកគាំទ្រអោយច្រើនកុះករ នៅកីឡដ្ឋានព្រីនស៍បន្តទៀត ក្នុងការប្រកួត League Cup, League, and HSC នាពេលខាងមុខបន្តទៀត។ សូមអរគុណ»។

គួរដឹងថា កញ្ញា អ៊ូ បញ្ញាសុកិត្យា គឺជា​ស្រ្តី​ជនជាតិ​ខ្មែរ​ដំបូង​បង្អស់​ដែល​​បាន​សិក្សា​​ផ្នែក​គ្រប់គ្រង​បាល់ទាត់ Football Management នៃ UEFA Academy នៅឯ​ប្រទេស​ស្វីស ខណៈ​​ដែល​លោក លី ហ៊ាង អគ្គលេខាធិការ​ក្លិប​បាល់ទាត់​ភ្នំពេញក្រោន បាន​ឆ្លងកាត់​វគ្គ​សិក្សា​នេះ​ដោយ​ជោគជ័យ នៅ​ខែ​មិថុនា ឆ្នាំ​២០២២ កន្លង​ទៅ៕

Share.