ឧកញ៉ាវ័យក្មេង ទ្រី ដាលុច ត្រូវជាកូនប្រុសរបស់អ្នកឧកញ៉ា​ ទ្រី ភាព បានឈរឈ្មោះជាបេក្ខជនបម្រុងលេខរៀងទី៩ ក្នុងចំណោមបេក្ខជនបម្រុង១១នាក់ នៃគណបក្សប្រជាជនកម្ពុជាមណ្ឌលខេត្តកណ្ដាល។ នៅមណ្ឌលខេត្តកណ្ដាល គណបក្សប្រជាជនកម្ពុជាបានដាក់បេក្ខជនពេញសិទ្ធិ១១រូប និងបេក្ខជនបម្រុង១១រូប។

សូមរម្លឹកថាកាលយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ ពោលគឺ២ឆ្នាំក្រោយឡើងជាឧកញ៉ា យុវជន ទ្រី ដាលុច ត្រូវបានលោក ដួង ឆាយ បង្កហិង្សាដោយទះកំផ្លៀង នៅក្នុងហាងចាក់សាក់មួយកន្លែង នៅរាជធានីភ្នំពេញ។ យ៉ាងណាក៏ដោយ រឿងហេតុនេះក៏បានបញ្ចប់ជាយូរឆ្នាំមកហើយដែរ។

យោងតាមបញ្ជីផ្លូវការ បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជា ចេញផ្សាយដោយ គ.ជ.ប ឧកញ៉ាវ័យក្មេង ទ្រី ដាលុច កើតនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ១៩៩៤។ ដូច្នេះគិតត្រឹមឆ្នាំ២០២៣នេះ ឧកញ៉ា ទ្រី ដាលុច មិនទាន់មានអាយុ៣០ឆ្នាំនៅឡើយទេ។

លោកឧកញ៉ា ទ្រី ដាលុច ជាកូនប្រុសទី១ ក្នុងចំណោមកូនៗ៥នាក់របស់អ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប។ លោកឡើងងារជាឧកញ៉ា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣ ដែលមានន័័យថាកូនប្រុសអ្នកជំនួញស្តុកល្បីនៅកម្ពុជារូបនេះ បានងារឧកញ៉ាតាំងតែពីមិនទាន់មានអាយុ២០ឆ្នាំ៕

Share.