ក្នុងចំណោមបេក្ខជនពេញសិទ្ធិ១២៥រូប និងបេក្ខជនបម្រុង១២៥ ដែលឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៃគណបក្សប្រជាជនកម្ពុជា ឥស្សរជនដែលមានវ័យចំណាស់ជាងគេបំផុត គឺសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន។

សម្ដេចពញាចក្រី ហេង សំរិន មានតួនាទីជាប្រធានកិត្តិយសគណបក្ស និងបច្ចុប្បកាន់មុខតំណែងជាប្រធានរដ្ឋសភា។ សម្ដេចកើតនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៣៤ មានន័យថាខ្វះតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ សម្ដេចនឹងចម្រើនជន្មាយុ៨៩ ឈានចូល ៩០ឆ្នាំហើយ។

យោងតាម​ឯកសារ​ស្រាវជ្រាវ​របស់ លោក គាំ​ម កុសល និង​សាស្ត្រ​ចា​រ្យ ដៀប សុផល ចុះផ្សាយដោយថ្មីៗឥស្សរជន​កំពូល​រូបនេះ បាន​សិក្សា​នៅ​សាលា​ពុទ្ធិកបឋមសិក្សា ខេត្តកំពង់ចាម​នា​អំឡុង​ឆ្នាំ១៩៥៤ និង​ធ្លាប់​រៀន​វគ្គ​នយោបាយ​ជាន់ខ្ពស់​នៅ​ប្រទេស​វៀតណាម។

នៅ​ឆ្នាំ១៩៦៩ សម្ដេច មាន​តួនាទី​ជា​ប្រធាន​កងអនុសេនាតូច ចលនា​ប្រដាប់អាវុធ (ផ្នែក៦) តំបន់២០ ភូមិភាគ បូព៌ា (២០៣) ហើយ​ជា​បន្តបន្ទាប់​លោក​បានក្លាយ​ជា​ប្រធាន​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុ​ជានា​ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ប្រជាជន​បដិវត្តន៍​កម្ពុជា ក្នុង​ឆ្នាំ១៩៧៩។

នៅ​ឆ្នាំ១៩៨១ ឥស្សរជនកូនកសិកររូបនេះ មានតួនាទី​ជា​អគ្គលេខាធិការ​មជ្ឈិមបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​ក្រុមប្រឹក្សារដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា (ក្រោយ​មកជា​រដ្ឋ​កម្ពុជា) ហើយ​ចាប់ពី​ឆ្នាំ១៩៩១ បានបន្តធ្វើជា​ជា​ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា។

សម្ដេចបានឈរឈ្មោះជាអ្នកតំណាងរាស្រ្តតាំងតែពីការបោះឆ្នោតដំបូលឆ្នាំ១៩៩៣ ហើយនៅឆ្នាំ២០០៦ សម្ដេចបានឡើងកាន់​តំណែង​ជា​ប្រធានរដ្ឋសភា​ ហើយក៏បន្តទទួល​បាន​ងារ​ជា សម្ដេច​អគ្គ​មហា​ពញា​ចក្រី» និងមានតួនាទីកិត្តិយជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥។

សម្ដេចមានភរិយាឈ្មោះ សៅ ទី ហើយនៅថ្ងៃទី​២៣ ​ខែមករា ​ឆ្នាំ​២០២០ លោកជំទាវក៏ត្រូវបាន​ព្រះមហាក្សត្រ​ត្រាស់បង្គាប់​ផ្ដល់​គោរមងារ​ជាស​ម្ដេច​ធម្ម​វិសុទ្ធ​វង្សា សៅ ទី ហេង​សំរិន ដោយយើងលើស្នាដៃ​គាំទ្រ តស៊ូ​ក​ក្នុងការ​រំដោះជាតិ ជា​អ្នកស្នេហាជាតិ ការពារជាតិ​និង​សាសនា។

​ព្រះរាជក្រឹត្យព្រះមហាក្សត្រ ក៏បានលើកឡើងនូវស្នាដៃសម្ដេច សៅ ទី ក្នុងការគាំពារ​យ៉ាង​ខ្ជាប់ខ្ជួន​តាម​មាគ៌ា​នយោបាយ​បង្រួបបង្រួម​ជាតិ​ផ្សះផ្សារ​ជាតិ​របស់​ព្រះ​បរម​រតន​កោដ្ឋ​ បរិច្ចាគ​កម្លាំងកាយ​ចិត្ត និង​ទ្រព្យធន ជូន​សង្គមជាតិ និង​បាន​ជួយ​កសាង​សមិទ្ធផល​នានា​៕

Share.