សិល្បៈជាតិ៖ មានសំណួរជាច្រើនពីមហាជនបានចោទសួរកញ្ញា ពេជ្រ ចរណៃ ថា ហេតុអ្វីគ្មានវត្តមានក្នុងព្រឹត្តិការណ៍ការប្រកួតស៊ីហ្គេមលើកទី ៣២? ហេតុអ្វីបានជាកញ្ញាមិនចូលរួមប្រកួតគុនល្បុក្កតោខ្មែរ? ហេតុអ្វីបានជាមិនឃើញកញ្ញាបង្ហោះអ្វីទាំងអស់ពាក់ព័ន្ធជាមួយសកម្មភាពថ្មីៗ? តើមានរឿងអ្វីកើតឡើង?

សំណួរទាំងអស់នោះ ពិតជាធ្វើឱ្យកញ្ញា ពេជ្រ ចរណៃ ពិបាកចិត្តនឹងឆ្លើយតបទៅកាន់មហាជនវិញបានភ្លាមៗ រហូតដល់កញ្ញាបានចេញនូវវីដេអូមួយបកស្រាយច្បាស់ៗឱ្យមហាជនបានស្ងប់ចិត្ត។ កញ្ញា ពេជ្រ ចរណៃ បានបញ្ជាក់ពីហេតុផលបាត់វត្តមានពីព្រឹត្តិការណ៍ស៊ីហ្គេមថា ៖

១-កញ្ញាមិនបានចូលរួមប្រកួតគុនល្បុក្កតោក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ នេះ ក៏ព្រោះតែកញ្ញាគ្មានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីចូលរួមប្រកួត ពោលគឺកញ្ញាមិនមែនជាកីឡាការិនីជម្រើសជាតិ។

២-បន្ទាប់ពីគ្មានឱកាសចូលរួមប្រកួតគុនល្បុក្កតោ កញ្ញាក៏បានឃើញខាងផ្នែកគុនខ្មែរមានវិញ្ញាសាថ្វាយបង្គំគ្រូ ដែលកន្លងមក កញ្ញាធ្លាប់ចូលរួមប្រកួតជើងឯកថ្នាក់ជាតិផ្នែកថ្វាយបង្គំគ្រូនេះ ដើម្បីឱ្យមានឱកាសចូលរួមប្រកួតក្នុងថ្ងៃស៊ីហ្គេម។ តែដោយសារគ្មានអ្នកចូលរួមប្រកួតជាមួយ ទើបការប្រកួតនោះក៏ត្រូវបានរំសាយចោលវិញ។

៣-ថ្នាក់ដឹកនាំរៀបចំការប្រកួតគុនខ្មែរក៏បានប្រាប់គ្រូរបស់កញ្ញាឱ្យកញ្ញាត្រៀមខ្លួន បើសិនជាថ្ងៃស៊ីហ្គេមមានវិញ្ញាសាថ្វាយបង្គំគ្រូ នោះកញ្ញានឹងក្លាយជាជម្រើសទី១តំណាងឱ្យប្រទេសជាតិ។ កញ្ញាក៏បានប្រឹងប្រែងហ្វឹកហាត់អស់ពីលទ្ធភាព តែទីបំផុតនៅតែមិនមានឱកាសចូលរួមប្រកួតនៅស៊ីហ្គេមដដែល។

ក្រោយពីបញ្ជាក់ហេតុផលទាំង ៣ នេះឱ្យមហាជនបានជ្រាបហើយនោះ កញ្ញា ពេជ្រ ចរណៃ បានបញ្ជាក់ទៀតថា កញ្ញានឹងហ្វឹកហាត់គុនល្បុក្កតោបន្តទៀត ដើម្បីក្ដោបឱកាសលើកក្រោយ មកបំពេញបំណងចិត្តមហាជនឡើងវិញ។ កញ្ញាថា យ៉ាងណាមិញ បន្ទាប់ពីផេកចាស់ខូច កញ្ញាក៏បានបង្កើតហ្វេសប៊ុកផេកថ្មីដែលមានឈ្មោះថា ពេជ្រ ចរណៃ ល្បុក្កតោខ្មែរ៚ ដែលមានចំនួនអ្នកតាមដាននៅតិចនៅឡើយ។ កញ្ញាសុំឱ្យមហាជនជួយគាំទ្រផេកថ្មីនេះ ដើម្បីតាមដានរាល់សកម្មភាពផ្សព្វផ្សាយពីគុនល្បុក្កតោខ្មែរ ដែលកញ្ញាខំប្រឹងចូលរួមបង្ហាញគ្រប់សកម្មភាពតែម្ដង៕

ដើម្បីលម្អិតសូមចូលទៅទស្សនាវីដេអូនេះ ពេជ្រ ចរណៃ

Share.