សិល្បៈ​អន្តរជាតិ៖ នាង Nguyen Thi Ngoc Chau បវរកញ្ញាវៀតណាម បាន​ចេញ​មក​អះអាង​ថា​ខ្លួន​ធ្លាប់​ត្រូវ​គេ​បង្ខំ​ឱ្យ​បោះបង់​ចោល​ការ​សិក្សា​មហាវិទ្យាល័យ​ព្រោះ​តែ​បញ្ហា​បំណុល។

ថ្មីៗ​នេះ​តំណាង​របស់​បវរកញ្ញា​រូប​នេះ​បាន​ចេញ​មក​និយាយ​ថា​ស្រីស្រស់​រូប​នេះ​បាន​ឈប់​សិក្សា​សកលវិទ្យាល័យ​Ton Duc Thang នៅ​ក្នុង​ទីក្រុង​ហូជីមិញ។ ការ​ដែល​នាង​ឈប់​រៀន​នេះ​គឺ​ព្រោះ​តែ​ច្បាប់​ចំនួន​២ ​របស់​សកល​វិទ្យាល័យ​ និង​ក្រសួង​អប់រំ​និង​បង្វឹកបណ្ដុះបណ្ដាល​ ដូច្នេះ​​នាង​ចាំ​បាច់​ត្រូវ​តែ​គោរព​តាម។

«ខ្ញុំ​ទទួល​ស្ដាប់​ដំណឹង​នេះ​ដោយ​ស្ងប់ស្ងាត់ ទោះ​ជា​ក្នុង​ចិត្ត​កំពុង​កើត​ទុក្ខ ប៉ុន្តែ​ខ្ញុំ​ត្រូវ​តែ​ទទួល​ស្គាល់​ស្ថានភាពពិត​។ នៅ​មាន​ឱកាស​ផ្សេង​ទៀត​ដែល​ខ្ញុំ​ត្រូវ​ស្រវ៉ា ព្រោះ​ជីវិត​មិន​ដែល​ឈប់​បង្រៀន​មេរៀន​ថ្មីៗ​ឱ្យយើង​នោះ​ទេ​»។

​នៅ​ក្នុង​កម្មវិធី​ «Dream of Vietnam» ដែល​បាន​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា នៅ​ក្នុង​នោះ​តារា​ម៉ូដែល​រូប​នេះ​បាន​ជជែក​ជាមួយ​នឹង​ម្ដាយ​របស់​ខ្លួន ពាក់ព័ន្ធ​នឹង​រឿង​ដែល​ខ្លួន​មិន​អាច​បន្ត​ការ​សិក្សា​ចប់​ដូច​ពាក្យ​សន្យា។

«កាល​ពី​មុន​ ខ្ញុំ​ប្រាប់​ម៉ែ​ថា​ខ្ញុំ​ជិត​បញ្ចប់​ការ​សិក្សា​ នៅ​សល់​មិន​ប៉ុន្មាន​មុខ​ទៀត​ខ្ញុំ​នឹង​បញ្ចប់​ការ​សិក្សា​ ប៉ុន្តែ​សាលា​ប្រាប់​ថា​ខ្ញុំ​ជាប់​បំណុល​ច្រើន​លើស​លប់​ ដូច្នេះ​ខ្ញុំ​មិន​អាច​​រៀន​​ដើម្បី​បញ្ចប់​ការ​សិក្សា​នោះ​ទេ​។

ម្ដាយ​របស់​តារា​រូប​នេះ​បាន​និយាយ​ថា​អ្នក​ស្រី​ឈឺចាប់​ដែល​កូន​ស្រី​មិន​អាច​បញ្ចប់​ការ​សិក្សា​ ប៉ុន្តែ​រឿង​ប៉ុណ្ណេះ​មិន​អាចបញ្ឈប់​កូន​សិក្សា​គាត់​ពី​ការ​តស៊ូ​នោះ​ឡើយ។ ម៉ែ​របស់​នាង​ចង់​ឱ្យ​កូន​មាន​ការងារ​ជាក់លាក់​ ដូច្នេះ​​គាត់​បាន​ប្រាប់​ឱ្យ​កូន​​បន្ត​ព្យាយាម​អភិវឌ្ឍ​ការ​ងារ​ផ្នែក​សិល្បៈ​របស់​ខ្លួន​ ព្រោះ​គ្រប់​យ៉ាង​អាច​កើត​ឡើង​បាន​រហូត​។

បវរកញ្ញា​រូប​នេះ​បាន​សិក្សា​ Biotechnology នៅ​សកលវិទ្យាល័យ​ Ton Duc Thang ហើយ​នាង​ក៏​​កំពុង​តែ​​មមាញឹក​ប្រកួត​ Miss Universe Vietnam 2022 ហើយ​កំពុង​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​បវរកញ្ញា​ចក្រវាឡ​ពិភពលោក​លើក​ទី៧១​ ដែល​នឹង​ចាប់​ផ្ដើម​នៅ​ក្នុង​ឆ្នាំ​នេះ​។

ក្រោយ​ត្រលប់​មក​វៀតណាម​ពី​ការ​ប្រកួត​វិញ​ នា​ងត្រូវ​បាន​គេ​បញ្ជាក់ឱ្យ​ដឹង​ថាមិន​អាច​បន្ត​ការ​សិក្សា​បាន​។ នាង​បាន​អង្វរ​សាលា​ឱ្យ​ពិចារណា​ឡើង​វិញ​ ហើយ​ផ្ដល់​​ឱកាស​ឱ្យ​នាង​មាន​ឱកាស​បាន​បញ្ចប់​សារណា​ ​តែ​សាលាបដិសេធ​។

កាល​ពី​ខែ​កុម្ភៈ​ ដំណឹង​ចចាមអារ៉ាម​រឿង​តារា​ម៉ូដែល​ត្រូវ​គេ​បង្ខំ​ឱ្យ​បោះបង់​ចោល​ការ​សិក្សា​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ ចំណែក​សាមី​ខ្លួន​វិញបាន​បដិសេធ​ថា​ខ្លួន​មិន​បាន​ប្រើ​បរិញ្ញាប័ត្រ​ក្លែងក្លាយ​ដើម្បី​បាន​ចូលរួម​ប្រកួត​បវរកញ្ញា​ចក្រវាឡ​វៀតណាម​។ នាង​លើក​ឡើង​ថា​នាង​មិន​ដែល​ប្រាប់​គេ​ថា​នាង​បញ្ចប់​ការ​សិក្សា​មហាវិទ្យាល័យ​នោះ​ទេ។ អង្គភាព​បវរ​កញ្ញា​ចក្រវាឡ​វៀតណាម បាន​អះអាងថា​ Ngoc Chau មាន​សិទ្ធិ​ចូលរួម​ប្រកួត​ ហើយ​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ​។​

គួរ​ដឹង​ថា បវរកញ្ញា​វ​រូប​នេះ​កើត​នៅ​ Tay Ninh កាល​ពី​ឆ្នាំ​ ២០១៨ នាង​ឈ្នះមកុដ​ Miss Supranational Vietnam ហើយ​ឆ្នាំ​បន្ទាប់​នាង​បាន​ឈ្នះ​ Miss Supranational Asia។ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០២២ នាងបាន​ឈ្នះ​មកុដ​ Miss Universe Vietnam ធ្វើ​ឱ្យ​នាង​មាន​សិទ្ធិ​ចូលរួម​ដណ្ដើម​តំណែង​មកុដ​បវរកញ្ញា​ចក្រវាឡ​ពិភពលោក​នៅសហរដ្ឋ​អាមេរិក​ ប៉ុន្តែ​គួរ​ឱ្យ​ស្ដាយ​ដែល​នាង​មិន​អាច​ឡើង​ដល់​វគ្គ​១៦​នាក់​ចុង​ក្រោយ៕

ប្រភព៖ vnexpress

Share.