គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានម្រេចបដិសការចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនគណបក្សភ្លើងទៀន សម្រាប់ការចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣នេះ។ ការសម្រេចនេះ ត្រូវបានបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ បន្ទាប់ពីឯកឧត្តម ប្រាជ្ញ ច័ន្ទ ប្រធាន គ.ជ.ប បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្រ្តី គ.ជ.ប។

បើតាមសេចក្ដីសម្រេច ការបដិសេធនេះ គឺដោយសារតែគណបក្សភ្លើងទៀន មិនបានភ្ជាប់មកជាមួយនូវប្រកាសស្ដីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅការិយាល័យច្រកចេញចូលតែមួយ ឱ្យបានត្រឹមត្រូវស្របតាមកថាខណ្ឌទី២​ និងចំណុចទី១ ក្នុងមាត្រា២៧នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។

សូមបញ្ជាក់ថាគណបក្សភ្លើងទៀនបានដាក់បេក្ខជនឈរឈ្មោះគ្រប់មណ្ឌលបោះឆ្នោត។ មុនពេល គ.ជ.ប សម្រេច គណបក្សនេះបានចេញសេចក្ដីប្រកាសព័ត៌មានត្រៀមធ្វើបាតុកម្ម ប្រសិនបើ គ.ជ.ប បដិសេធមិនចុះបញ្ជី។ យ៉ាងណាក៏ដោយ គណបក្សនេះបានសម្ដែងការសោកស្ដាយចំពោះការប្រកាសរបស់ខ្លួន បន្ទាប់ពីការប្រកាសធ្វើបាតុកម្មនោះ ទទួលការស្ដីបន្ទោស និងព្រមានយ៉ាងចាស់ដៃពីប្រមុខរាជរដ្ឋាភិបាល៕

Share.