លោក ក្រវ៉ាញ ដារ៉ន

នៅថ្ងៃនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចទទួលស្គាល់បញ្ជីគណបក្ស និងបញ្ជីបេក្ខជននៃគណបក្សនយោបាយចំនួន៥ទៀត សម្រាប់ការចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ក្នុងនោះក៏មានគណបក្សខ្មែរឈប់ក្រដែលធ្លាប់ដាក់ចេញគោលនយោបាយ Free Wifi ផងដែរ។

បើតាម គ.ជ.ប គណបក្សខ្មែរឈប់ក្រដាក់បេក្ខជនឈរឈ្មោះទាំង២៥មណ្ឌលបោះឆ្នោត ខណៈគណបក្ស៤ផ្សេងទៀត រួមមានគណបក្សជនជាតិដើមប្រជាធិបតេយ្យ ដាក់បេក្ខជនឈរឈ្មោះចំនួន២២មណ្ឌល, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ដាក់បេក្ខជនឈរឈ្មោះចំនួន៧មណ្ឌល, គណបក្សកសិករ ដាក់បេក្ខជនឈរឈ្មោះចំនួន៨រាជធានីខេត្ត និងគណបក្សស្រ្តីដើម្បីស្រ្តី ដាក់បេក្ខជនឈរឈ្មោះចំនួន១៨មណ្ឌលរាជធានីខេត្ត។

សូមបញ្ជាក់ថាគណបក្សខ្មែរឈប់ក្រ មានលោក ក្រវ៉ាញ ដារ៉ន ជាប្រធាន។ លោក ក្រវ៉ាញ ដារ៉ន គឺជាអនិកជនខ្មែរស់នៅក្រៅប្រទេស។ កាលពីឆ្នាំ២០២២ លោកបានដិសេធមិនចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ទេ ក្រោមហេតុផលថាការបោះឆ្នោតនោះមិនត្រឹមត្រូវ។ យ៉ាងណាក៏ដោយ អ្នកនយោយបាយល្បីឈ្មោះនៅរដូវកាលបោះឆ្នោតរូបនេះ ធ្លាប់ត្រូវបានគេទម្លាយព័ត៌មានធ្លាប់ចូលជួបសម្ដេចតេជោ នៅទីក្រុងព្រុចសែល កាលពីឆ្នាំ២០១៨៕

Share.