អ្នកចាំទីដ៏ល្បីរបស់ម៉ិកស៊ិក Antonio Carbajal គឺជាអតីតកីឡាករម្នាក់ ធ្លាប់បានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ FIFA World Cup បានចំនួន ៥ដង ពេលនេះលោកបានទទួលមរណភាពហើយក្នុងវ័យ ៩៣ឆ្នាំ។

លោក Antonio Carbajal ជនជាតិម៉ិកស៊ិក កើតនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ១៩២៩ មានកំពស់ ១.៨១ម៉ែត្រ ជាប់ឈ្នោះជាកីឡាករជម្រើសជាតិម៉ិកស៊ិក នៅឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៦៦ បង្ហាញខ្លួនបានចំនួន ៤៨ប្រកួត។ អ្វីកាន់តែពិសេសនោះគឺរូបលោកធ្លាប់មានវត្តមានក្នុងព្រឹត្តិការណ៍ FIFA World Cup បានចំនួន ៥សម័កាល ដែលជាកំណត់ត្រាមួយមិនធ្លាប់មានសម្រាប់កីឡាករដ៏ទីទៀតក្នុងប្រទេសម៉ិកស៉ិក។

ចំណែកឯការប្រកបអាជីបក្នុងកិ្លបវិញ លោកAntonio Carbajal បានចូលប្រកបអាជីបដំបូងឲ្យក្លិបReal Club España ដែលជាក្លិបស្ថិតនៅប្រទេសម៉ិកស៊ិក ចាប់ពីឆ្នាំ១៩៤៨ ដល់ឆ្នាំ១៩៥០ លោកបានបង្ហាញខ្លួនបានចំនួន៤៥ប្រកួត។ លុះដល់នៅឆ្នាំ១៩៥០ រូបលោកបានចូលរួមជាមួយក្លិប León ជាក្លិបដែល Antonio Carbajal បង្ហាញខ្លួនបានយូរជាងគេ ចាប់ពីឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៦៦ ពោលគឺមានរយ: ១៦ឆ្នាំ បង្ហាញខ្លួនបាន ៣៦៤ប្រកួត ក្នុងនាមជាអ្នកចាំទី៕

Share.