ក្រុមជម្រើស​ជាតិបង់ក្លាដែស បាន​ណាត់ក្រុមជម្រើស​ជាតិ​កម្ពុជា ប្រកួត​មិត្តភាព​អន្តរជាតិ នៅថ្ងៃ ទី១៥ ខែមិថុនា ឆ្នាំ២០២៣ (FIFA Day) ដើម្បីកម្តៅសាច់ដុំត្រៀម​ចូលរួមប្រកួត​ក្នុងពាន​រង្វាន់​ប្រចាំ​តំបន់​អាស៊ី​ខាងត្បូង SAFF Champion 2023 ធ្វើឡើងនៅ​ប្រទេស​ឥណ្ឌា។

ដោយឡែកសម្រាប់​ក្រុម​ជម្រើសជាតិកម្ពុជាវិញ នេះ​គឺ​ជា​ជំនួប​ដំបូង​ហើយ​របស់​​លោក Félix Dalmás ដែលដឹកនាំក្រុមកម្ពុជាប្រកួត បន្ទាប់ពីសហព័ន្ធបាល់ទាត់កម្ពុជា បាន​ប្រកាស​តែង​តាំង ជាគ្រូបង្គោលថ្មីកាលពីថ្ងៃទី០២ មេសា ឆ្នាំ២០២៣ ជំនួសលោក Honda ក្រោយ​បញ្ចប់​ភារកិច្ច​ប្រកួត​ស៊ីហ្គេម លើកទី៣២។

រំលឹកថា មុនប៉ះគ្នាក្នុងជំនួបមិត្តភាព​អន្តរជាតិ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ (FIFA Day ) ខាងមុខ​នេះ ក្រុម​ទាំង​២ធ្លាប់​ប៉ះម្ដង ក្នុង​ជំនួបមិត្តភាព​អន្តរជាតិ​ដែរ កាលពីខែកញ្ញា ឆ្នាំ​២០២២ កន្លងទៅ ដោយ​លទ្ធផល​កាល​នោះកម្ពុជា បានចាញ់បង់ក្លាដែស ក្នុងលទ្ធផល ១-០។

គួរដឹងថា ការប្រកួត​ពានរង្វាន់ SAFF Champion 2023 មានក្រុមចូលរួមចំនួន៨ក្រុម និង​បាន​បែង​ចែក​ជា ២ពូល​មានដូចជា ពូល Aមាន៖ ឥណ្ឌា, គូវែត, នេប៉ាល់, ប៉ាគីស្ថាន និងពូល B មាន៖លីបង់, ម៉ាល់ឌីវ, ប៊ូតាន់ និងបង់ក្លាដែស ដោយការ​ប្រកួត​និង​ត្រូវ​ធ្វើ​ឡើង​ចាប់​ពីថ្ងៃទី២១ ខែមិថុនា ដល់ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣៕

Share.