យោងតាមការចុះផ្សាយរបស់ Daily-Mail បានឲ្យដឹងថាក្លិបបាល់ទាត់សេះបង្គង់ Juventus ត្រូវសហព័ន្ធកីឡាបាល់ទាត់អ៊ីតាលី (FIGC) កាត់អស់១០ពិន្ទុ នៅក្នុងក្របខណ្ឌ Serie A ក្រោយស៊ើបអង្កេតរកឃើញថា ផ្តល់ទិន្នន័យក្លែងក្លាយជុំវិញបញ្ហាហិរញ្ញវត្ថុផ្ទៃក្នុងរបស់ក្លិបមានភាពមិនប្រក្រតី។

បច្ចុប្បន្នភាពក្រុមបាល់ទាត់ Juventus ក្រោមការដឹកនាំរបស់លោក Massimiliano Allegri បានធ្លាក់ចេញពីចំណាត់ថ្នាក់លេខ២ ទៅឈរនៅចំណាត់ថ្នាក់លេខ៧ នៃក្របខណ្ឌ Serie A។ ធ្វើឲ្យពួកគេបាត់បង់កៅអី UEFA Champions League, Europa League និង Conference League រដូវកាល ២០២៣-២៤។

បើយើងក្រឡេកទៅមើលអតីតកាលវិញ រដូវកាល ២០០៥-០៦ នៅលីគកំពូលអ៊ីតាលី មានរឿងអាស្រូវមួយដែលធ្វើឱ្យរញ្ជួយពិភពបាល់ទាត់នៅអ៊ីតាលី ដែលគេឱ្យឈ្មោះថា Calciopoli ។ គឺនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០០៦ គឺក្រោយពេលឈ្នះពាន Scudetto បានប្រហែលជា២ខែ ក្លិប Juventus ត្រូវគេសហព័ន្ធបាល់ទាត់អ៊ីតាលី (FIGC) សម្រេចទម្លាក់ឱ្យទៅលេងក្របខណ្ឌ Serie B ជាលើកទី១ក្នុងប្រវត្តិសាស្ត្ររបស់ក្លិប ពុំមែនដោយសារទម្រង់លេងអន់ តែដោយសារ FIGC ស៊ើបអង្កេតឃើញថា ក្លិបនេះមានពាក់ព័ន្ធនឹងរឿងអាស្រូវ Calciopoli ។

នៅក្នុងរឿងអាស្រូវ Calciopoli នេះ ក្រុមមួយចំនួនទៀតដូចជា AC Milan, Fiorentina, Reggina និង Lazio ក៏ជាប់ពាក់ព័ន្ធដែរ ទោសទណ្ឌដែលក្រុមទាំងនេះទទួល គឺស្រាលជាងទោសទណ្ឌដែល Juventus ទទួល៕

Share.