ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ស្រវឹងស្រាបើក រថយន្តបោះពួយយ៉ាងលឿនបានជ្រុលទៅបុក ខឿនថ្មបង្កាន់ដៃស្ពានអាកាសចោមចៅ ពេញទំហឹង បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារមួយចំហៀង ហេតុការណ៍នេះកើតឡើងកាលវេលា ម៉ោង៩និង៣០នាទីយប់ថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣។ត្រង់ចំណុចគល់ស្ពានអាកាសចោមចៅ ស្ថិតក្នុងភូមិព្រៃជីសាក់ តាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី សង្កាត់ចោមចៅទី៣ ខណ្ឌ ពោធិ៏សែនជ័យ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់ស្រវឹងស្រាបើករថយន្តម៉ាកស្តារិច ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AN.1175ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ទិសដៅពីកើត ទៅលិចបោះពួយយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតជ្រុលទៅបុកខឿនថ្មបង្កាន់ដៃស្ពានអាកាសចោមចៅបែកបាក់បន្ទិចបន្ទួច និងកំពិតបង្គោលភ្លើងបំភ្លឺផ្លូវអស់មួយដើម ចំណែករថយន្តក្រឡាប់ផ្ងារមួយចំហៀងរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនមានអ្នករងរបួសភ្លាមៗនោះដែរអ្នក បើករថយន្តបានចេញពីក្នុងរថយន្តមានសភាព ស្រវឹងស្រាបានគេចខ្លួនបាត់។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានចុះមកដល់បានទាក់ទងបន្តទៅសមត្ថកិច្ចជំនាញ ស្នងកាដ្ឋានរាជធានីភ្នំពេញមកវាស់វែងស្ទូចរថយន្តបង្កទៅរក្សាទុករងចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ ទូច វិច្ឆិកា

Share.