ថ្មីៗ​នេះ​យោង​តាម​​ការ​បង្ហោះ​របស់​​ផេក​ Soul4Street បាន​ទម្លាយ​ចេញ​នូវ​បទ​សន្ទនា​​តាម​រយៈ​បណ្ដាញ​សង្គម​មួយ​ដែល​គេ​សន្មតថារវាង​ វណ្ណដា និង P-Hot ពិភាក្សា​គ្នា​ពាក់ព័ន្ធ​នឹង​ការ​រួម​សហការ​ច្រៀង​រួម​គ្នា​​ក្នុង​ពេល​ដ៏​​ឆាប់ខាង​មុខ​នេះ​។

សម្រាប់​អ្នក​គាំទ្រ​​ទាំង​កម្ពុជា​ និង​ ថៃ​ មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ច្រើន​ នៅ​ពេល​ដែល​តារា​ចម្រៀង​ Rap ថៃ​លោក P-HOT បាន​បង្ហោះ​ពាក្យ​សន្ទនា​រវាង​លោក​ជាមួយ​នឹង​ វណ្ណដា តារា​ចម្រៀង​ដ៏​ល្បី​របស់​កម្ពុជា​ ដែល​បាន​សាង​ប្រវត្តិសាស្ត្រ​តន្ត្រី​សម័យ​លាយ​ជាមួយ​នឹង​ចាប៉ី​ដង​វែង​ ដោយ​បទ​ចម្រៀង​ «Time To Rise»។

លោក​ P-HOT ​​បាន​ផុស​សំណេរ​មួយ​មាន​អត្ថន័យ​​យ៉ាង​ដូច្នេះ​៖ «ពិភពលោក​នេះ​ធំ​ទូលាយ​ណាស់​ នៅ​មាន​សិល្បករ​​ជា​ច្រើន​រូប​ដែល​ខ្ញុំ​ចង់​រួម​សហការ​ជាមួយ​ ទោះ​ជា​ខ្ញុំ​ធ្វើ​បទ​ចម្រៀង​បាន​ប៉ុន្មាន​រយ​លាន​ Views មិន​ស្មើ​នឹង​បាន​យក​បទ​ចម្រៀង​រ៉ែប​ជា​ភាសា​ថៃ​ ចេញ​ទៅ​បង្អួត​ខ្សែ​ភ្នែក​មហាជន​ក្នុង​ពិភពលោក​!! ចាប់​ផ្ដើម​ពី​អាស៊ាន​យើង​មុន​ #VANNDA Respect Asian Rap»។

ចំណែក​អត្ថន័យ​នៅ​ក្នុង​ពាក្យ​សន្ទនា​ជា​ភាសា​អង់គ្លេស​តាមរយៈ​គណនី​ IG របស់​ VANNDA បាន​ឆ្លើយ​​តប​ត្រលប់​ទៅ​កាន់​ P-HOT វិញ​នោះ​ វណ្ណដា បាន​និយាយ​ថា​ត្រូវ​ការ​វិធី​ទំនាក់ទំនង​​ដើម្បី​ជជែក​គ្នា​ ព្រោះ​វណ្ណដា​ មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​ការ​រួម​សហការ​​ជាមួយ​នឹង​ P-HOT ដូច​គ្នា​។

P-HOT បច្ចុប្បន្ន​កំពុង​តែ​ល្បីល្បាញ​ខ្លាំង​​ជា​មួយ​បទ​ចម្រៀង​​ជា​ភាសា​ថៃ​ «เกี้ยวพาราสี» ជា​បទ​ចម្រៀង​ Featuring ​(​ច្រៀង​រួម​) ជាមួយ​កុមារា Sprite ពីវេទិកា​ប្រកួត​ Show Me The Money Thailand ។

ប្រសិន​បើ​ការ​ពិភាក្សា ​និង​ចរចា​ ណាមួយ​រវាង​ P-HOT និង​ វណ្ណាដា​ ប្រកប​ដោយ​ជោគជ័យ​នោះ​ អ្នក​គាំទ្រ​ទាំង​កម្ពុជា​ និង​ ថៃ​ប្រាកដ​ជា​បាន​ទស្សនា​បទ​ចម្រៀង​ដ៏​អស្ចារ្យ​និង​មិន​ធ្លាប់​មាន​រវាង​តារា​ចម្រៀង​រ៉ែប​ទាំង​ពីរ​កម្ពុជា​និង​ថៃ​៕​

Telegram-Troryorng


Share.