ទំនងម្ចាស់ងងុយដេករថយន្តដឹកទំនិញធុនធំបុកជាមួយគោយន្តកន្ត្រៃបណ្តាលឲ្យរបួសធ្ងន់ និងស្រាលជិត ១០នាក់ លើកំណាត់ផ្លូវជាតិលេខ ៥។

លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគបាលស្រុកមោងឬស្សីបានប្រាប់ឲ្យដឹងថា÷ គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង ១:១៥នាទី រំលងអាធ្រាត ថ្ងៃទី ១១ ឈានចូលថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២១ តាមបណ្តោយផ្លូវជាតិ ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២២៣- ២២៤ ឋិតក្នុងក្រុមទី ១១ ភូមិថ្នល់បត់ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

បើតាមសមត្ថកិច្ច មុនពេលគ្រោះថ្នាក់គេឃើញរថយន្ត ១គ្រឿងម៉ាក FUSO ប្រភេទដឹកទំនិញ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ៣A-៩៩២៤ ទំនងដោយសារមកពីម្ចាស់ងងុយដេកក៏រ៉េចង្កូតទៅបុកគោយន្តកន្ត្រៃយ៍ពេញទំហឹងតែម្តង ដែលធ្វើឲ្យដំណើរបញ្ច្រាស់ទិសគ្នាពីទីប្រជុំជនខេត្តបាត់ដំបង ឆ្ពោះទៅកាន់ទីក្រុងភ្នំពេញបណ្តាលឲ្យភាគីទាំងអស់ប៉ើងធ្លាក់ផ្លូវចាក់អ្នកធ្វើដំណើររាយប៉ាយពេញប្រឡាយ។

គ្រោះថ្នាក់នេះបណ្តាលឲ្យអ្នកជិះគោយន្តកន្ត្រៃយ៍ដែលមានគ្នាចំនួន ០៧នាក់បានរងរបួស ក្រៅពីអ្នកបើកបរឈ្មោះ អេង ឃីម ភេទប្រុសអាយុ ១៨ឆ្នាំ រស់នៅភូមិទួលរកា ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី រួមនឹងអ្នករួមដំណើរចំនួន ៣នាក់ផ្សេងទៀតរងរបួសធ្ងន់ធ្ងរ ចំណែកឯអ្នកបើកបររថយន្ត FUSO ពេលកើតហេតុភ្លាមៗបានរត់គេចខ្លួនបាត់៕

អត្ថបទ៖ដំបងក្រញូង

Share.