អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ បានចុះត្រួតពិនិត្យទីតាំងស្តុកគ្រឿងក្នុងមួយកន្លែងស្ថិតនៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត លួចនាំចូលមកពីប្រទេសថៃតាមច្រកអន្តរជាតិប៉ោយប៉ែត សម្រាប់ចែកចាយបន្តតាមខេត្តផ្សេងៗ ពុំមានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ការចុះឆែកឆេរនេះបានធ្វើឡើងកាលពីម៉ោង12ថ្ងៃត្រង់ ថ្ងៃទី12 ខែកក្កដា ឆ្នាំ2021 ដោយមានតំណាងម្ចាស់ទីតាំងសត្វឈ្មោះ ទេព សុភាព ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅភូមិក្បាលស្ពាន1 សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានរកឃើញសាច់ និងគ្រឿងក្នុងនិងបំណែកសាច់សត្វជ្រូកចំនួនជាង 2000 គីឡូក្រាមរួមមាន៖ ក្បាលជ្រូក = 6ក្បាល = 28គីឡូក្រាម – ជើង = 113ថង = 564គីឡូក្រាម- ពោះវៀន = 72ថង = 288គីឡូក្រាម– បេះដូង = 33ថង់ = 115គីឡូក្រាម- ក្រពះ = 450គីឡូក្រាម- គ្រឿងក្នុងលាយក្បាល = 19បាវ = 532គីឡូក្រាម      – សាច់លាយឣណ្ដាត = 39ថង = 136គីឡូក្រាម។

ក្រុមការងារបានបញ្ជូនវត្ថុតាងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការទៅតាមនីតិវិធី៕

អត្ថបទ៖ប៉ោយប៉ែត

Share.