សិល្បៈ​ជាតិ​៖ កាល​ពី​ថ្ងៃ​​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០២៣​ ម្សិលមិញ​នេះ​ ប្រធាន​អង្គការ​យូណេស្កូ​ប្រចាំ​​នៅ​កម្ពុជា​លោក​ Sardar Umar Alam និង​​ប្រធាន​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​លោក​ Joseph Scheuer បាន​ធ្វើ​ទស្សន​កិច្ច​ស្វែងយល់​ពី​កិច្ចការ​អភិរក្ស​និង​គ្រប់គ្រង​រមណីយដ្ឋាន​ប្រាសាទ​ព្រះវិហារ​។​

​យោងតាម​សេចក្ដី​ប្រកាស​របស់​ផេក​ផ្លូវ​ការ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈនា​ថ្ងៃ​ទី​៣១ ខែ​ឧសភានេះ ​បាន​ឱ្យ​ដឹង​ថា​​​លោក Sardar Umar ALam ប្រធានអង្គការយូណេស្កូ (UNESCO) ប្រចាំនៅកម្ពុជា និង​ លោកJoseph Scheuer ប្រធានអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNRC) ព្រមទាំងសហការី ចំនួន៥រូប បានធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីកិច្ចការអភិរក្ស ការជួសជុលប្រាសាទ និងការគ្រប់គ្រងរមណីយដ្ឋានប្រាសាទព្រះវិហារ​កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ​។

ក្នុងដំណើរទស្សនកិច្ចនេះ មានការសម្របសម្រួលពីឯកឧត្តម ឃូ អៀងហួត អគ្គនាយករង អាជ្ញាធរជាតិព្រះវិហារ និងលោក ភិន សំណាង ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ រួមទាំងមន្រ្តីជំនាញបុរាណវិទ្យា ដែលកំពុងអនុវត្តការងារលើភ្នំប្រាសាទព្រះវិហារ។នៅក្នុងដំណើរទស្សនកិច្ចនេះ ប្រតិភូបានចុះទៅពិនិត្យការដ្ឋានជួសជុលជណ្តើរបុរាណខាងជើង ដែលគាំទ្រថវិកាដោយមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌របស់សហរដ្ឋអាមេរិក គោបុរៈទី៥ដែលកំពុងដំណើរការជួសជុលដោយអ្នកជំនាញការឥណ្ឌា និងបានបន្តសិក្សាស្វែងយល់អំពីការងារអភិរក្សតាមបណ្តាប្រាសាទនានាចាប់ពីគោបុរៈទី៥ ដល់គោបុរៈទី១។

បន្ទាប់ពីទស្សនៈកិច្ចនៅលើភ្នំប្រាសាទព្រះវិហាររួច ក្រុមការងារក៏បានស្វែងយល់ពីប្រវត្តិសាស្រ្ត រូបចម្លាក់បុរាណ វប្បធម៌ អរិយធម៌ខ្មែរ តាំងពីសម័យអតីតកាល ដែលបានតាំងបង្ហាញនៅក្នុងសារៈមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ផងដែរ។នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចនេះ ប្រតិភូរបស់អង្គការUNESCO និង UNRC បានវាយតម្លៃខ្ពស់ពីភាពអស្ចារ្យនៃសំណង់ស្ថាបត្យកម្មប្រាសាទព្រះវិហារ និងបច្ចេកទេសជួសជុលសំណង់ប្រាសាទបុរាណប្រកបដោយវិជ្ជាជីវៈរបស់មន្រ្តីជំនាញអាជ្ញាធរជាតិព្រះវិហារ។

គួរ​​រំលឹក​ផង​ដែរ​ថា​ថ្មីៗ​នេះ​មាន​ដំណឹង​ផ្សព្វផ្សាយ​ថា​ ភាគី​ថៃ​បាន​ស្នើ​សុំ​​​យ៉ាង​​ទទូច​មក​កម្ពុជា​​ឱ្យ​មាន​ការ​បើក​ច្រក​ព្រំដែន​អន្តរជាតិ​ព្រះវិហារ​ឡើង​វិញ ក្រោយ​ត្រូវ​បាន​បិទ​អស់​រយៈ​ពេល​១៥​ឆ្នាំ​ ហើយ​ដំណឹង​នេះ​កំពុង​តែ​ក្លាយ​ជា​ប្រធានបទ​ក្ដៅ​ ដែល​ធ្វើ​ឱ្យ​អ្នក​លេងបណ្ដាញ​សង្គម​ខ្មែរ​និយម​និង​ថៃ​និយម​ជជែក​វែក​ញែក​គ្នាបែក​ផ្សែង​ពាក់​ព័ន្ធ​នឹង​ករណី​គួរ​បើក​ឬ​បន្ត​បិទ​ដូច​កាល​ពី​មុន​ទៀត​៕

ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: 

Share.