សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​មាន​ប្រសាសន៍​ថា៖ «នៅ​តាម​បណ្ដាខេត្តនានាត្រូវរៀបចំស្លាយសម្រាប់​ឲ្យ​ប្រជាពលរដ្ឋបានទស្សនាការប្រកួត​កីឡា​អាស៊ា​ប៉ារ៉ា​ហ្គេម ជាពិសេសគឺពិធីបើ-ពិធីបិទព្រឹត្តិការណ៍ ព្រោះអាច​មានប្រជាពលរដ្ឋមើលច្រើន»។ ការ​លើកឡើងដូចនេះ ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវស្ពានបេតុងខ្សែកាប ឆ្លង​កាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។

សម្ដេច បន្ថែម​ថា៖ «ស្តាត​មិន​អាច​ដាក់​អ្នកទស្សនាបាន​ច្រើន​ទេ គឺបាន​ត្រឹម​តែជាង៦ម៉ឺននាក់ប៉ុណ្ណេះ ដូចនេះ​ក្នុង​ពេល​ដែល​ប្រជាពលរដ្ឋចង់​ទស្សនា​ យើង​ត្រូវ​មាន​ការ​រៀចចំនៅ​ទីធ្លាខាងក្រៅដើម្បីឲ្យ​ប្រជាពលរដ្ឋបានមើល ព្រោះ​ថានឹង​មាន​កម្មវិធី​សិល្បះនិងទស្សនីភាពផ្សេងៗ ដូចអ្វីដែក​គួរឲ្យ​អារម្មណ៍បំផុត​កាល​ពី​ព្រឹត្តិការណ៍ស៊ីហ្គេម មាន​ការ​សម្ដែង​មនុស្ស និងបច្ចេកវិទ្យាមាន​ស៊ីចង្វាក់គ្នាខ្លាំងណាស់»។

ទាក់ទងទៅនឹងព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជានេះ​ដែរ សម្តេចតេជោ ហ៊ុន សែន បាន​មាន​ប្រសា​សន៍ថា៖ «ស៊ីហ្គេម គឺជាកាតព្វកិច្ចរបស់រដ្ឋជាសមាជិកអាស៊ាន ដែល​ត្រូវផ្លាស់​ប្តូរវេន​គ្នា​សម្រាប់​រៀប​ចំ​ព្រឹ​ត្តិការណ៍កីឡានេះ។ ហើយគិតត្រឹមថ្ងៃនេះទី៣១ ឧសភា នេះ កម្ពុជាសល់តែ៣ ថ្ងៃ​ទៀត​តែ​ប៉ុណ្ណោះ​នឹងត្រូវរៀបចំព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម ឬកីឡា​សម្រាប់​បង​ប្អូន​ជន​ពិការ​នៅ​កម្ពុជា ដែលត្រូវធ្វើជាម្ចាស់ផ្ទះជាបន្តទៀត»។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ សូមគាំទ្រ និង​លើក​ទឹក​ចិត្តបន្ថែមទៀតដល់កីឡាករ-កីឡាការិនី ដែលជាកីឡាជនពិការ។សម្ដេចតេជោ បាន​ណែ​នាំដ​ល់រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ និងក្រុមការងាររៀបចំព្រឹត្តិការកីឡាអាស៊ានប៉ារ៉ាហ្គេម ត្រូវ​រៀប​ចំ​ទស្សនីយភាពពិធីបើកព្រឹត្តិការណ៍នេះឱ្យបានល្អ និងបាញ់កាំជ្រួចឱ្យបានច្រើន ខណៈ​រដ្ឋ​មន្រ្ដី​ក្រសួង​ទេសចរណ៍បញ្ជាក់ថា ការបាញ់កាំជ្រួចក្នុងពេលបើកព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម គឺមានចំនួនច្រើនជាងព្រឹត្តិការណ៍បើកស៊ីហ្គេមទៅទៀត។

គួររំលឹកថា ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលនឹង​ប្រព្រឹត្តិទៅចាប់​ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែ​មិថុនា ឆ្នាំ២០២៣ ត្រូវ​បានកំណត់ជាគោលការណ៍នូវប្រទេសកីឡាចំនួន១៣ និង​ប្រភេទ​កីឡា​សម្តែង១ និងមាន ១១ប្រទេសចូលរួម ប្រតិភូកីឡាសរុបចំនួន ២ ៦៩២នាក់៕

Share.