ជនសង្ស័យចំនួន 2 នាក់ត្រូវបានកម្លាំងក្រុមបង្ក្រាបបទល្មើសធនធានធម្មជាតិនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ចាប់ខ្លួនរួមនឹងវត្ថុតាងបញ្ជូនទៅសាលាដំបូងនៅចុងសប្ដាហ៍នេះពាក់ព័ន្ធនឹងបទល្មើសដឹកជញ្ជូនផលអនុផលធនធានធម្មជាតិនិងប្រើប្រាស់អាវុធខុសច្បាប់។

លោកឯម ភូវិបុល អនុប្រធានក្រុមបង្ក្រាបបទល្មើសធនធានធម្មជាតិនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ឲ្យដឹងថា ជនសង្ស័យទី 1 ឈ្មោះ យឿនបារាំង ភេទប្រុសអាយុ 25 ឆ្នាំនិងទី 2 ឈ្មោះ យឿនចម្រើនអាយុ 23 ឆ្នាំ។ ទាំងពីរនាក់រស់នៅក្នុងភូមិអន្សារចំបក់ឃុំស្វាយស ស្រុកក្រគរខេត្តពោធិ៍សាត់។

លោកបញ្ជាក់ថា ជនសង្ស័យទាំងពីរនាក់នេះបានលួចចូលកាប់ឈើស្រស់នៅក្នុងតំបន់ហាមឃាត់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ភូមិសាស្ត្រខេត្តពោធិ៍សាត់រួចដឹកជញ្ជូនតាមគោយន្តកន្ត្រៃជាមួយនឹងអាវុធកែឆ្នៃមួយដើមនឹងកាំភ្លើងសេកាសេមួយដើមត្រូវបានកម្លាំងរបស់លោកឃាត់ខ្លួននៅឃុំស្វាយស ស្រុក ក្រគរ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់ចាត់ការតាមនីតិវិធី។

លោកថានៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ចំពោះកាំភ្លើង សេកាសេ ពួកខ្លួនរើសបាននៅក្នុងព្រៃក្នុងគោលបំណងយកមកប្រគល់ជួនឲ្យសមត្ថកិច្ចប៉ុន្តែក៏ត្រូវបានចាប់ខ្លួននៅត្រឹមពាក់កណ្ដាលផ្លូវ។

បើតាមសមត្ថកិច្ច ជនសង្ស័យទាំង 2 នាក់ខាងលើត្រូវបានតុលាការចោទប្រកាន់ពីបទដឹកជញ្ជូនផលអនុផលធនធានធម្មជាតិដោយគ្មានច្បាប់អនុញ្ញាតនិងប្រើប្រាស់អាវុធខុសច្បាប់និងបានសម្រេចឃុំខ្លួនជាបណ្ដោះអាសន្នរួចរាល់ហើយ៕

អត្ថបទ៖ភ្នាក់ងារខេត្តពោធិ៍សាត់

Share.