សិល្បៈជាតិ៖ ថ្មីៗនេះតារាសម្ដែង និងបង្ហាញម៉ូដល្បីឈ្មោះគឺលោក ង៉ែត សុវណ្ណនេត បានបង្ហោះដំណឹងឱ្យដឹងថា លោកបានក្លាយជាជនរងគ្រោះដោយសារតែក្រុមជនឆបោក បានយករូបភាពរបស់លោកទៅបង្កើតជាគណនីហ្វេសប៊ុកក្លែងក្លាយ រួចបន្លំទាំងសំឡេង និងអត្តសញ្ញាណបណ្ណផ្សេងៗ ដើម្បីឆាតបោកប្រាស់នារីៗដែលអ្នកគាំទ្រលោក ក្នុងរូបភាពបង្កើតទំនាក់ទំនងស្នេហា មនោសញ្ចេតនាឱ្យពួកគេផ្ញើលុយមក រហូតដល់អ្នកខ្លះបង់លុយអស់ខ្ទង់ម៉ឺនដុល្លារ។

មធ្យោបាយបោកប្រាស់ដែលក្រុមជនខិតខូចនោះបានធ្វើគឺ តាមរយៈការបង្កើត Fake Account ជាច្រើន ដោយមានឈ្មោះផ្សេងៗ និងខ្លះទៀតមានឈ្មោះលោកផ្ទាល់តែម្ដង។ បន្ទាប់មកក្រុមឆបោកបានកាត់តសំឡេងរបស់លោក ដោយយកសំឡេងពីការ Live និងសំឡេងការសម្ដែងនៅក្នុងរឿង មកកាត់តម្រឹមដាក់បន្តៗគ្នា ដែលស្ដាប់ទៅដូចជាស្រដៀងនឹងសំឡេងលោកពិតៗអីចឹង។ ហើយសំឡេងនោះ ត្រូវបានឆាតឆ្លងឆ្លើយខ្ចីលុយជាមួយនារីរងគ្រោះផ្សេងៗ ដើម្បីបង្ខំគំរាមពួកនាងឱ្យផ្ញើលុយមក។ បន្តមកទៀត ក្រុមឆបោកបានយករូបភាពលោកកាត់តអត្តសញ្ញាណបណ្ណ ដើម្បីខ្ចីលុយនៅលើបណ្ដាញអនឡាញ។ ហើយអំពើបោកមួយទៀត គឺការ Fake Account ដើម្បីវាយប្រហារមកលើរូបលោកវិញ ដោយបានគំរាមថា លោកពិតជាប្រព្រឹត្តិទង្វើបោកប្រាស់ពិតប្រាកដមែន និងគំរាមដល់អ្នកដែលចេញមុខការពារភាពស្អំ និងជឿជាក់លើលោក ឱ្យពួកដកខ្លួនចេញថែមទៀត។

លោក ង៉ែត សុវណ្ណនេត បានបញ្ជាក់នៅលើបណ្ដាញសង្គមថា បន្ទាប់ពីកើតហេតុខាងលើនេះហើយ មានជនរងគ្រោះខ្លះបានខលមក និងឆាតមកសួរនាំ លោក ហើយមានខ្លះទៀតបានបង្ហោះរូបលោកបង្ខូចកិត្តិយសនិងកេរ្តិ៍ឈ្មោះលោក ប្រសិនបើលោកមិនសងលុយពួកគេវិញ។ លោកថា នារីរងគ្រោះគឺភាគច្រើនគឺជាស្ដ្រីមេម៉ាយ និងស្ត្រីចំណាស់ ដែលជឿស្លង់នឹងសំឡេងក្លែងបន្លំ រួមទាំងវីដេអូក្លែងក្លាយដែលបានឆបោកពួកគេ។ លោកបន្តថា កន្លងមកលោកបានបង្ហោះពីការប្រុងប្រយ័ត្នអំពីបង្កើតគណនីក្លែងក្លាយជាច្រើនណាស់មកហើយ ប៉ុន្តែនៅតែមានជនរងគ្រោះចាញ់បោកជាបន្តបន្ទាប់ទៀត ដោយសារតែក្រុមឆបោកនោះ គឺមានជំនាញខាងបច្ចេកទេសបច្ចេកវិទ្យាខ្លាំង។ ហើយមកទល់ពេលនេះលោកបានដាក់ពាក្យបណ្ដឹងទៅកាន់សមត្ថកិច្ចដោះស្រាយផងដែរ។

សូមជម្រាបដែរថា បញ្ហាឆបោកតាមបណ្ដាញសង្គមនេះ គឺមិនមែនជាករណីទីមួយទេដែលកើតឡើងក្នុងចង្កោមសិល្បៈ ព្រោះកន្លងមកក៏ធ្លាប់មានតារាសិល្បៈជាច្រើន ធ្លាប់បានក្លាយជារងគ្រោះដោយសារបញ្ហានេះផងដែរ។ អ្វីដែលសំខាន់គឺការបង្កើនការប្រុងប្រយ័ត្ន និងស្វែងយល់ថា តើគណនីណាមួយដែលជាគណនីពិតប្រាកដតែប៉ុណ្ណោះ ដើម្បីកុំឱ្យចាញ់បោករូបភាពបែបនេះបន្តទៅទៀត៕

Share.