សិល្បៈជាតិ៖ ទំនងជាចំហាយនៃរូបភាពសិចស៊ីរបស់ម្ចាស់ពានបុរសឯក Mister Friendship Cambodia 2022 បានភាយដល់អ្នកលេងបណ្ដាញសង្គមឱ្យចាប់អារម្មណ៍និងវែកញែកគ្រប់គ្នាអំពីភាពសិចស៊ី និងសិល្បៈ ថាតើរូបភាពដែលត្រូវបានបង្ហោះជាសាធារណៈនោះ គឺជាប្រភេទនៃសិល្បៈអាក្រាតកាយ ឬ ជារូបភាពស្រើបស្រាលដែលដុតអារម្មណ៍អ្នកមើលឱ្យប៉ោងសរសៃភ្នែក?

តើអ្វីទៅជាប្រភេទសិល្បៈអាក្រាតកាយ? មែនទែនទៅភាគច្រើនគេបានឃើញសិល្បៈនេះក្នុងទម្រង់បែបបទគំនូរបុរាណ និងគំនូរដែលប្រើប្រេងពណ៌គូរលើផ្ទាំងក្រណាត់ ឬរូបចម្លាក់ជាដើម។ ប៉ុន្តែនៅយុគសម័យទំនើប សិល្បៈនេះបានផ្លាស់ប្តូរបរិបទសទៅវិញ ដោយលេចឡើងតាមរយៈការថតរូប។

វិចិត្រករ ហួរ សុបិន បានពន្យល់ថា រូបថតដែលអ្នកសិល្បៈថតអាក្រាតកាយនោះ ក៏អាចរាប់ជាទម្រង់នៃសិល្បៈថតរូបបានដែរ ប៉ុន្តែភាពសិចស៊ីនៃតំបន់ពិសេសមិនត្រូវបានបញ្ចេញទាំងស្រុងឱ្យឃើញនោះទេ។ សព្វថ្ងៃនេះមានមតិ​ចម្រូងចម្រាសជាច្រើន ដែលទាក់ទងនឹងការថតរូបអាក្រាតកាយដោយអះអាងថាជាសិល្បៈ ហើយបានបង្ហាញជាសាធារណៈ និងមើលទៅឃើញច្បាស់គួរសមដែរ។

វិចិត្រករ ហួរ សុបិន បានពន្យល់ទៀតថា Photo ឬ រូបភាព ក៏ជាសិល្បៈ គំនូរក៏ជាសិល្បៈ គ្រាន់តែគំនូរមិនមានច្រើន និងមិនបង្ហាញជាសាធារណៈច្រើន។ អីចឹងហើយ គំនូរមិនសូវមានមតិរិះគន់ច្រើនដូច រូបថតនោះទេ។ វិចិត្រករដែលទទួលបានពានរង្វាន់ជាច្រើនលើផ្នែកគំនូរមួយរូបនេះ បានលើកឡើងថា៖ «តាមខ្ញុំគិត អាចជាសិល្បៈ Anatomy, Posting, Realism… ជាដើម»។

ងាកមករូបភាពដែលបុរសឯក Mister Friendship Cambodia 2022 បានបង្ហោះជាសាធារណៈវិញ សម្រាប់លោក ឯម រៀម បានពន្យល់ថា រូបភាពនោះគឺបង្ហាញពីភាពស្រើបស្រាល ដោយសារតែកាយវិកា ទឹកមុខ គឺបានបង្ហាញពីភាពស្រើបស្រាលរួចទៅហើយ។ បើគាត់ថា ការថតគាត់ជាសិល្បៈ គឺអូខេ ទាល់តែមានសិល្បៈទើបយើងអាចថតរូបបាន ក៏ប៉ុន្តែរូបភាពនេះ គឺមិនបានបិទបាំងតំបន់ពិសេសរបស់បុរសទេ បែរជាអាចមើលឃើញច្បាស់ទៅវិញ។ លោកថា បើទោះបីជាយុគសម័យបុរេប្រវត្តិដែលមនុស្សគ្មានសំពត់បិទបាំងរាងកាយ ក៏ប៉ុន្តែមនុស្សបានយកស្បែកសត្វ ឬស្លឹកឈើដើម្បីបិទបាំងកេរ្តិ៍ខ្មាសរបស់ពួកគេដែរ។

តើអ្នកសិល្បៈដែលថតរូបអាក្រាយកាយនោះ ពួកគេខុសឬអត់? យោងតាមចង្អុលបង្ហាញក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អំពីក្រមសីលធម៌នៅឆ្នាំ២០១៦ មិនបាន​បញ្ជាក់អំពីភេទទេ នៅពេលប្រើពាក្យ​«អ្នកសិល្បៈ»។ ប៉ុន្តែ ក្រមសីលធម៌បានកំណត់ថា អ្នកសិល្បៈជា «អ្នកដែលមានចំណេះដឹង និងអនុវត្តសិល្បៈនៅក្នុងសកម្មភាពទាក់ទងនឹងតន្ត្រី ចម្រៀង របាំ របាំបុរាណ វោហាស័ព្ទ និងការផលិតស្នាដៃសិល្បៈ និងវប្បធម៌»។ ទោះជាយ៉ាងណា ការអនុវត្ត អ្នកសិល្បៈទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍សីលធម៌ គុណធម៌ ការស្លៀកពាក់ និងឥរិយាបថសមរម្យ។

ដោយឡែកតួយ៉ាងករណីមួយទៀតដែលបានកើតឡើងនៅបរទេស គឺបុរសសង្ហាដែលជាបេក្ខជន Mister National World 2022 មកពីប្រទេសភូតានត្រូវដកចេញភ្លាមៗនិងដកហូតរង្វាន់ត្រលប់មកវិញ ក្រោយមានអ្នកយករូបភាពស្រើបស្រាល និងរូបភាពអាក្រាតកាយរបស់គេមកបង្ហោះពេញអ៊ិនធឺណិត។ ការដកបេក្ខភាពនិងដកហូតរង្វាន់ត្រលប់មកវិញនេះ ព្រោះតែរូបគេបានរូបភាពនោះបញ្ចេញភាពស្រើបស្រាលទម្រង់អាសអាភាស ដែលជាសកម្មភាពមួយមិនទំនង និងជាទង្វើអនាចារដែលកម្មវិធីប្រកួតមិនអាចទទួលយកបានផងដែរ។

យ៉ាងណាមិញ ក្រោយឃើញមានការបង្ហោះជារឿយនៅលើហ្វេសប៊ុករបស់បុរសឯក MFC2022 ក្នុងរូបភាពសិចស៊ីស្រើបស្រាលផ្លូវអារម្មណ៍ នោះត្រូវបានមហាជនមួយចំនួនបារម្ភថា នឹងក្លាយជាគំរូមួយដែល​ជះ​ឥទ្ធពិល​មិនល្អ​ឱ្យក្មេងៗជំនាន់ក្រោយ ហើយមហាជនមួយចំនួនទៀតរំពឹងថា ក្រសួងពាក់ព័ន្ធនឹងធ្វើការពន្យល់ណែនាំចំពោះបុរសឯករូបនេះអំពីអ្វីទៅដែលហៅថា សិល្បៈ និងអ្វីទៅដែលហៅថា រូបភាព​ស្រើបស្រាល​ដុត​អារម្មណ៍៕

Share.