សិល្បជាតិ៖ មួយឈុតដែលប្អូនស្រី ល្អហួស បានគ្រង និងដើរបង្ហាញម៉ូដដ៏គួរឱ្យចាប់អារម្មណ៍នៅក្នុងកម្មវិធី Fashion Show ដែលរៀបចំឡើងដោយលោក អូលីវ៉ា គង់ នោះគឺមានឈ្មោះថា ឈុត «រាជិនីត្រយង»។ ឈុតនេះត្រូវបានរចនាច្នៃប្រឌិតយ៉ាងពិសេសក្នុងការលើកស្ទួយ និងអភិរក្សបក្សីតំណាងជាតិកម្ពុជា។

អ្នកច្នៃម៉ូដ​ អូលីវ៉ា គង់ បានរៀបរាប់ថា ៖ «ឈុតរាជនីត្រយង ជាបក្សីតំណាងឲ្យនិមិត្តរូបរបស់ប្រទេសកម្ពុជា ច្នៃពីរការប៉ាក់ឌិនជាអង្កាំនៃស្លឹកឈើតំណាងឲ្យធម្មជាតិ ស្បៃភ្លិសសេរនៅលើស្មាដកស្រង់ពីស្លាបត្រយ៉ង ម៉ូដសក់ដកស្រង់ពីអប្សរាប្រាសាទអង្គរវត្ត KALKIN S/S Collection 2023 | The Royalty»។

សូមជម្រាបថា សត្វត្រយង ឈ្មោះជាភាសាជាតិហៅ « ត្រយង ឬ ក្ងយក្ស ឬ ឪលើក» ឈ្មោះវិទ្យាសាស្រ្ត « Pseudibis giganea» និងជាភាសាអង់គ្លេស « Giant Ibis » ។ បក្សីប្រភេទនេះ មានពណ៌សម្បុរប្រផេះ ក្រម៉ៅ ជើងពណ៌ក្រហមព្រលែត ជំពុះរាងកោងខុបចុះ និងមានប្រវែងដងខ្លួន១០៤ សង់ទីម៉ែត្រ។ សត្វប្រភេទនេះ បច្ចុប្បន្នសម្បូរនៅតែក្នុងភូមិភាគខាងជើង និងឦសាននៃប្រទេសកម្ពុជា។ ត្រយង ស៊ីសត្វឥតឆ្អឹងកងរស់នៅក្នុងភក់ រួមមានជន្លេន ខ្យង ខ្ចៅ និងក្ដាម។ ពួកវាចូលចិត្តរស់នៅក្នុងព្រៃរបោះស្ងួត ដែលមានដីសើមច្រើន រួមមានត្រពាំង បឹង និងទន្លេ។ ពិភពលោក ក៏បានចាត់ទុកត្រយ៉ងជាប្រភេទ ជិតផុតពូជបំផុត ដោយបានចុះបញ្ជីសៀវភៅក្រហម IUCN។

Share.