កាលពីយប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣​​ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានប្រកាសជាផ្លូវការនាំចូលខ្សែម្រើកណ្ដាលជនជាតិជប៉ុន Shodai Nishikawa ត្រៀមសម្រាប់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤។

Shodai Nishikawa កើតនៅខេត្តណារ៉ា ប្រទេសជប៉ុន នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ (បច្ចុប្បន្នមានអាយុ២៩ឆ្នាំ) កម្ពស់ ១.៦៦ម៉ែត្រ ជាថ្នាលយុវជនរបស់ក្លិប Diablossa Takada និង University of Tsukuba។

កីឡាករវ័យ២៩ឆ្នាំរូបនេះធ្លាប់លេងនៅក្លិបបាល់ទាត់ FK Kom, FK Rudar Pljevlja និង OFK Petrovac លីគកំពូលម៉ុងតេណេហ្គ្រោ ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ មុនផ្លាស់ទៅចូលរួម Tanjong Pagar United FC លីគកំពូលសិង្ហបុរី នៅឆ្នាំ២០២០។

ខាងក្រោមនេះគឺជាវីដេអូ​បច្ចេកទេសរបស់កីឡាករ Shodai Nishikawa

Shodai Nishikawa គឺជាកីឡាករបរទេសទី៣ ដែលចូលរួមជាមួយអង្គរថាយហ្គឺរ បន្ទាប់ពីកីឡាករអេស្ប៉ាញ Victor Blasco អតីតសមាជិករបស់ព្រះខ័នរាជស្វាយរៀង និងកីឡាករ Williams Trey ជនជាតិអង់គ្លេស ធ្លាប់ប្រកបអាជីពនៅក្លិប New York Cosmo B (National Premier Soccer League) របស់អាមេរិក បន្ទាប់មកក៏បានផ្លាស់ប្តូរមកអង់គ្លេសវិញហើយចុងក្រោយក៏ផ្លាស់ទៅលេងនៅក្លិប Campbelltown (NPL South Australia) របស់អូស្រ្តាលី មុនផ្លាស់មកកាន់អង្គរថាយហ្គឺរ៕

Share.