បាត់ដំបង÷ សមត្ថកិច្ចស្រុកថ្មគោលស្រាវជ្រាវឃាត់ខ្លួនបុរសម្នាក់ក្រោយធ្វើសកម្មភាពលួចក្បាលគោយន្តកន្ត្រៃយ៍របស់អ្នកស្រុកពេលកំពុងបូមទឹកបញ្ចូលស្រែ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នគរបាលផ្នែកជំនាញអធិការស្រុកថ្មគោលនៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៣ នេះបានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះលើករណីបាត់ក្បាលគោយន្តកន្ត្រៃយ៍ (ម៉ាសុីន និងដៃចង្កូត ) មួយគ្រឿង។

តាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះញ៉ុក សំបូរ ភេទប្រុសអាយុ ៦២ឆ្នាំមានទីលំនៅក្នុងភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង បានឲ្យដឹងថា នៅយប់កើតហេតុថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២៣ គាត់បានយកគោយន្តកន្រ្តៃយ៍ទៅដាក់បូមទឹកបញ្ចូលក្នុងស្រែដូចសប់ដងនៅត្រង់ចំណុចប្រឡាយលេខ១ នៅខាងលិចផ្ទះចម្ងាយប្រមាណ ៣០០ម៉ែត្រ រហូតទៀបភ្លឺទើបដឹងថាបាត់ ប៉ុន្តែសំណាងល្អត្រូវអ្នកស្រុកបានឃើញជនសង្ស័យបើកបរយកចេញពីទីតាំងកើតហេតុ។

ជនសង្ស័យឈ្មោះ វ៉ា សុភាព ហៅមាន ភេទប្រុស អាយុ ២៤ឆ្នាំមានទីលំនៅភូមិកៀនកែស២ ឃុំគោគឃ្មុំ ក្នុងស្រុកថ្មគោល ជាមួយគ្នា។ នៅថ្ងៃទី ០១ ខែមិថុនានេះក្រោយការបញ្ជូនជនសង្ស័យដល់ស្នងការខេត្ត កម្លាំងការិយាល័យជំនាញបានរៀបចំសំណុំរឿងតាមនីតិវិធីតុលាការបន្តទៀត៕

អត្ថបទ៖ ដំបងក្រញូង

Share.