សង្គម៖ វីដេអូ​របស់​កុមារា​ម្នាក់​​​​យំ​អង្វរសុំ​ច្បាប់​លោក​គ្រូ​​ទៅ​ជួយ​ម្ដាយ​លាង​ចាន​ក្នុង​រោង​បុណ្យ​-​រោងការ​ ដើម្បី​បាន​ប្រាក់​កម្រៃ​មក​ជួយ​​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​​កំពុង​តែ​ដុត​កម្លោច​បេះដូង​អ្នក​ដែល​បាន​​មើល​ឃើញ​ឱ្យ​ស្រណោះ​អាណិត​ចំពោះ​កុមារា​រូប​នេះ​ជា​ពន់ពេក​។

កុមារា​ សូត្រ សុខនឿន អាយុ១០ឆ្នាំ​ រៀន​ថ្នាក់​ទីពីរ

កាល​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០២៣ ដែល​ត្រូវ​ចំ​ទិវាកុមារ​អន្តរជាតិ​ ​ខណៈ​កុមារ​​មួយ​ចំនួន​​ធំ​ទទួល​បាន​​​ការ​គាំទ្រ​ ​​ព្រម​ទាំង​​ឱកាស​សិក្សា​​រៀន​សូត្រ​ល្អប្រសើរ​ ប៉ុន្តែ​កុមារា​ សូត្រ​ សុខនឿន អាយុ​១០​ឆ្នាំ​ សព្វថ្ងៃ​រៀន​ថ្នាក់​ទី២​​មាន​ទីលំនៅ​នៅ​ភូមិ​តាំង​រងៀង ឃុំ​មហាសាំង​ ស្រុក​ភ្នំ​ស្រួច​​ ខេត្ត​កំពង់ស្ពឺ បែរ​ជា​កំពុង​​យំ​អង្វរ​សុំ​លោក​គ្រូ​ឱ្យ​ផ្ដល់​ច្បាប់​ឱ្យ​ខ្លួន​បាន​ទៅ​ជួយ​​លាង​ចាន​ម្ដាយ​តាមរោង​បុណ្យ​ដើម្បី​បាន​ប្រាក់​កម្រៃ​មក​ជួយ​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ​។

យោងតាម​ប្រភពពី FB Page: Top Like 5M​/FB Account: ស៊ិន សាវន (គ្រូ​បង្ហៀន)​ ​បាន​បង្ហោះ​រៀបរាប់​ពី​ទុក្ខ​លំបាក​របស់​កុមារា​ខាង​លើ​ថា​៖ «ព្រោះ​តែ​ជីវភាព​និង​ដើម្បីជួយ​ដល់​ម្ដាយ​និង​ប្អូន​ៗ​ម៉ោង​សម្រាក​ពី​ការ​សិក្សា​ទៅ​លាងចាន​ឱ្យ​គេ​ជាមួយ​ម្ដាយ​តាម​រោង​ការ​ រោង​បុណ្យ​ដើម្បី​បាន​ប្រាក់​កម្រៃ​ផ្គត់​ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​ នៅ​ភូមិ​​តាំង​រងៀង​ ឃុំ​មហាសាំង​ ស្រុក​ភ្នំស្រួច​ ខេត្ត​កំពង់​ស្ពឺ​ សូម​បញ្ឈប់​ការ​ជួយ​​ដោយ​មិន​ដឹង​ប្រភព​ច្បាស់លាស់​ ហើយ​អាច​ទៅ​ដល់​ទីតាំង​ដោយ​ផ្ទាល់​ជួប​ក្មេង​ដោយ​ផ្ទាល់​ កុំឱ្យ​ជនឆបោក​ឆ្លៀត​ឱកាស​ ដាក់​កុង​ធនាគារ​ខ្លួន​ឯង​​យក​លុយ​ #MMO ស្អី​ក៏​ហ៊ាន​ធ្វើ​ដែរ​ ព្រោះ​លុយ​….»

ក្រោយ​ពី​វីដេអូ​ត្រូវ​បាន​បង្ហោះ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​រឿង​រ៉ាវ​របស់​កុមារា​រូប​នេះ​បាន​ចាក់​ដោត​អារម្មណ៍​បេះដូង​អ្នក​បាន​ឃើញ​ជា​ខ្លាំង​ រហូត​មាន​ការ​ចែកចាយ​បន្ត 1.2K។ យ៉ាង​ណា​មិញ​​អ្នក​ដែល​បាន​មើល​ឃើញ​ពី​ជីវិត​តស៊ូ​របស់​កុមារា​រូប​នេះ​បាន​ចូលរួម​ជា​ថវិកា​ដើម្បី​ជួយ​សម្រាលបន្ទុក​របស់​ប្អូន​ប្រុស​តាម​រយៈ​​ម្ចាស់​គណនី​ខាង​លើ​នេះ​ ដោយ​ក្នុង​នោះ​​ឧកញ៉ា​ចិត្ត​សប្បុរស​ ទ្រី ដាណា​ អ្នក​ជំនួញ​​ហាង​ពេជ្រ ដាណា ទ្រី ក៏​បាន​ប្រកាស​ចង់​ជួយ​ដល់​កុមារា​​រូប​នេះ​ផង​ដែរ​។

មហាជន​មាន​ក្ដី​រំពឹង​ខ្ពស់​​ថា​ក្រោយ​ពេល​ដែល​រឿងរ៉ាវ​នៃ​ជីវិត​តស៊ូ​របស់​ប្អូនតូច​​ មាន​ការ​ចាប់​អារម្មណ៍​និង​ជួយ​ជ្រោម​ជ្រែង​ច្រើន​ពី​សំណាក់​​អ្នក​មាន​​ធនធាន​ក្នុង​សង្គម​ អាច​នឹង​ជួយ​​ឱ្យ​ប្អូន​អាច​មាន​ពេល​វេលា​បាន​សិក្សា​រៀនសូត្រ​គ្រប់​គ្រាន់​មិន​បាច់​ចំណាយ​ពេល ​ម្ដងរត់​ទៅ​លិច ម្ដង​រត់​ទៅ​កើត​ ជួយ​ម្ដាយ​សម្រាល​បន្ទុក​គ្រួសារ​ដូច​ពី​មុន​ទៀត​៕

សូម​ទស្សនា​វីដេអូ​ក្មង​ប្រុស​យំអង្វរ​សុំ​ច្បាប់​លោក​គ្រូ​ ទៅជួយ​លាង​ចាន​ម្ដាយ​ ខាង​ក្រោម​:

Share.