កោះកុង ៖ នារីវ័យក្មេងម្នាក់ឡើងទៅដេកលើអង្រឹង ធ្លាក់ក្បាលចូលប្រហោងអង្រឹងរុំវ័ណ្ឌរឹតកស្លាប់ កាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ នៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ។

ជនរងគ្រោះមានឈ្មោះ ទូច តី ភេទស្រី អាយុ២០ឆ្នាំ ជាមនុស្សមានជម្ងឺប្រចាំកាយ វង្វេងភាំងៗស្មារតី អស់រយៈពេល៥ឆ្នាំមកហើយ មានឪពុឈ្មោះ ទូច សែ និហម្ដាយឈ្មោះ វន ឆៃ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។

តាមការបំភ្លឺពីឪពុកម្តាយ បានឲ្យដឹងថា នារីរងគ្រោះគាត់មានជម្ងឺប្រចាំកាយ វង្វេងភាំងៗស្មារតី៥ឆ្នាំមកហើយ ហើយជាទម្លាប់របស់គាត់ ជារៀងរាល់ព្រឹកតែងតែងើបទៅដេកលើអង្រឹងមុខផ្ទះ ស្រាប់តែនៅវេលាទៀបភ្លឺថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ នារីរងគ្រោះងើបទៅដេកលើអង្រឹងមុខផ្ទះ លុះដល់វេលាម៉ោង៥ព្រឹកថ្ងៃដដែល ម្តាយងើបដើរទៅមើល ប្រទះឃើញកូនស្រី ដេកក្បាលធ្លាក់ចុះតាមប្រហោងអង្រឹង រុំវ័ណ្ឌរឹតកស្លាប់ ទើបផ្អើលឆោឡោ ។

សពនារីរងគ្រោះត្រូវបានសមត្ថកិច្ច អាជ្ញាធរ គ្រូពេទ្យចុះទៅពិនិត្យ កោសល្យវិច័យ ឃើញថាជនរងគ្រោះស្លាប់ដោយរុំវ័ណ្ឌកនឹងអង្រឹងធ្វើពីខ្សែនីឡុង រឹតកស្លាប់ដោយខ្លួនឯង រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ÷តាតុងសែនជ័យ

Share.