សៀមរាប ៖ ជនដៃដល់ចំនួន៣នាក់ ត្រូវបានកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងស្នងការខេត្តកំពង់ចាម កម្លាំងស្នងការខេត្តសៀមរាប ស្រាវជ្រាវចាប់ខ្លួនបាន កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចទ្បដុតធ្យូង ស្ថិតនៅភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប បន្ទាប់ពីក្រុមជនដៃដល់ ធ្វើសកម្មភាពរឹកក កាត់ក្បាលសម្លាប់ជនជាតិចិនម្នាក់ យកទៅទម្លាក់ចោលនៅវាលស្រែ ស្ថិតនៅភូមិតាពន់ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម កាលពីដើមខែមេសា ឆ្នាំ២០២៣ កន្លងមក ។

តាមសមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ ប្រទះឃើញសាកសព បុរសម្នាក់ អត់ក្បាល ស្លាប់ក្នុងវាលស្រែ ស្ថិតនៅភូមិតាពន់ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម កម្លាំងសមត្ថកិច្ច បើកការស្រាវជ្រាវ ស្គាល់អត្តសញ្ណាណ មានឈ្មោះ WU SONG ហៅ ស្វិត ហៅ សុង ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន មុខរបរម៉ៅការសំណង់ នៅខេត្តពោធិ៍សាត់ ។

សមត្ថកិច្ចបន្តទៀតថា កម្លាំងជំនាញធ្វើការស្រាវជ្រាវ ទីបំផុតនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ ឈានដល់ចាប់ខ្លួនជនដៃដល់បាន៣នាក់ ស្ថិតនៅភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ។

ជនដៃដល់ទាំង៣នាក់ ទី១ ឈ្មោះ តាំង ចេងម៉េង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ។ ទី២ ឈ្មោះ ហឹម លីសា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិពោធិ៍ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ទី៣ ឈ្មោះ ប្រាង សិទ្ធ ហៅ ហុិន សិត ហៅ ហ៊ិន ជាពិសិដ្ឋ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិពោធិ៍ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

តាមចម្លើយសារភាព ជនសង្ស័យខឹងជនរងគ្រោះជំពាក់លុយប្រាក់ខែ មិនសង ទើបបែកគំនិត រួមគ្នារឹកកសម្លាប់ ជនរងគ្រោះ ពេលដែលធ្វើដំណើររួមគ្នា ចេញពីការដ្ឋាននៅខេត្តពោធិ៍សាត់តាមរថយន្តកាមរីមួយគ្រឿង នៅវេលាម៉ោង១រំលងអធ្រាត្រចូលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ ដោយកាត់ក្បាលច្រកក្នុងកាបូប យកទៅបោះចោលនៅចំណុចស្រះមួយកន្លែងស្ថិតនៅ ឃុំកំពង់ថ្ម ស្រុកបារាយណ៍ ខេត្តកំពង់ធំ ចំណែកខ្លួននាំគ្នាយកទៅបោះចោលនៅវាលស្រែ ស្ថិតនៅភូមិតាពន់ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម រួចគេចទៅសង្ងំលាក់ខ្លួននៅចំណុចទ្បដុតធ្យូង ស្ថិតនៅភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប រហូតដល់សមត្ថកិច្ចចាប់ខ្លួនបាន ។

ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចដកហូត វត្ថុតាងរួមមាន ៖ រថយន្តមួយគ្រឿងម៉ាក camry, អាវុធ អាកា ១ដើម, អាវុធ សេកាសេ ២ដើម, អាវុធ កែច្នៃ ០២ដើម និងគ្រាប់មួយចំនួនទៀត ។ក្រោយចាប់ខ្លួនបាន ជនសង្ស័យទាំង៣នាក់ ប្រគល់ឲ្យស្នងការខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

អត្ថបទ៖តាតុងសែនជ័យ

Share.