ភ្នំពេញ ៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែង យ៉ាងអាណោចអធ័ម បន្ទាប់ពីជិះម៉ូតូទៅយកប្រពន្ធចេញពីរោងចក្រ ក្រឡាច់ចិញ្ចើមផ្លូវដួល ហើយត្រូវបានរថយន្តឃ្លុបហ្វ្រាំងមិនទាន់កិនបន្ថែម កាលពីវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ នៅតាមផ្លូវលេខ៤២ កែងផ្លូវច្រកចូលតំបន់សេដ្ឋកិច្ច ចំណុចភូមិបឹងធំទី៣ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ពាង សេងហុង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រមួក មានប្រពន្ធឈ្មោះ ម៉ៅ ស្រីធី អាយុ២៩ឆ្នាំ មុខរបរ កម្មការនីរោងចក្រ កាត់ដេរ មានកូនស្រីចំនួន២នាក់ ស្នាក់នៅផ្ទះជួលក្នុងភូមិភា សង្កាត់ប្រទះឡាង ខណ្ឌកំបូល មានស្រុកកំណើតនៅ ភូមិលេខ១ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាកZOOMER ពណ៌ក្រហម ស ពាក់ស្លាកលេខ កំពង់ចាម 1M-6461 ចេញពីផ្លូវបេតុងតំបន់សេដ្ឋកិច្ច ទៅឈប់ចិញ្ចើមផ្លូវ៤២ លុះជនរងគ្រោះជិះឆ្លងបញ្ឆិតផ្លូវ៤២ ពីជើងទៅត្បូង បំណងទៅយកប្រពន្ធចេញពីរោងចក្រ ជាអកុសលក្រឡាច់ចិញ្ចើមផ្លូវ បណ្តាលឲ្យដួល ស្របពេលដែលរថយន្តកូរ៉េឃ្លុប ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-3522 បើកតាមបណ្តោយផ្លូវ៤២ ពីកើតទៅលិច ហ្វ្រាំងមិនទាន់ កិនស្លាប់ជនរងគ្រោះ ភ្លាមៗនៅកន្លែង ផ្អើលសមត្ថកិច្ចកំពុងប្រចាំការក្បែរនោះ ឃាត់បានអ្នកបើកបរ និងរថយន្ត ។

ក្រោយកើតហេតុសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញចុះទៅពិនិត្យស្លាកស្នាម រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត រីឯរថយន្តនិងអ្នកបើកបរ រួមទាំងម៉ូតូ ត្រូវបានប្រគល់ជូនការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ វាស់វែងយកទៅរក្សាទុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖តាតុងសែនជ័យ

Share.