កណ្តាល÷ ផ្អើលប្រជាពលរដ្ឋចោមរោមមើល ក្រោយប្រទះឃើញសាកសពច្រកក្នុងវ៉ាលីនៅចំណុចមាត់ច្រាំងទន្លេភូមិពាមជំនីក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។

តាមការបំភ្លឺរបស់ប្រជាពលរដ្ឋឈ្មោះ ប៊ន ចន្ទ័ណាវី ភេទ ស្រី អាយុ៣៣ឆ្នាំ និងប្តីឈ្មោះ ចាន់ មករា ហៅ ឌាំង មុខរបរ នេសាទត្រី រស់នៅភូមិពាមល្វែក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល បានឲ្យដឹងថា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ២០:០០នាទី ពួកគាត់ បាននាំគ្នាចែវទូកបណ្តែតមងនៅតាមដងទន្លេ លុះចែវទូកមកដល់ចំណុចបណ្តែតមង បានប្រទះឃើញវ៉ាលី ពណ៌ខ្មៅ ០១ នៅលើគោកជាប់មាត់ច្រាំងទន្លេ បន្ទាប់មករូបខ្លួន ទាំង ០២នាក់ ប្តីប្រពន្ធ បានចែវទូកចូលទៅមើល ដោយពេលនោះប្រពន្ធ បានរ៉ូតវ៉ាលី បង្ហើបមើលបន្តិច បានឃើញវត្ថុក្នុងវ៉ាលី ដូចជាស្បែកកង្កែប និងពោះវៀនមាន់ រួចមករូបខ្លួន និង ប្តីបាននាំគ្នាចែវទូកត្រលប់មកផ្ទះវិញមក។

លុះដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០៧ព្រឹក ប្រពន្ធគាត់និង ប្អូនថ្លៃស្រី អាយុ១៣ឆ្នាំ បាននាំគ្នាដើរពីផ្ទះមកមើលវ៉ាលី ដែលបានឃើញពីថ្ងៃមុន លុះពេលមករខ្លួន និង ប្អូនថ្លៃស្រី បាននាំគ្នាចុះទៅមើល និង រ៉ូតវ៉ាលីនោះមើល ស្រាប់តែឃើញសាកសពមនុស្សនៅក្នុងវ៉ាលី រួចខ្លួនបានក្រឡេក មើលឃើញវ៉ាលីតូចមួយទៀតនៅក្នុងព្រៃ បន្ទាប់មករូបខ្លួន បានរ៉ូតមើល វ៉ាលីនោះទៀត បានឃើញសំលៀកបំពាក់នៅក្នុងវ៉ាលីប្រឡាក់ឈាម និង ឃើញក្រដាសជូតមាត់ប្រឡាក់ឈាម បន្ទាប់ពីឃើញដូច្នេះ រូបខ្លួន បានរាយការណ៍ ប្រាប់កម្លាំងប្រជាការពារ ក្រោយមកបានរាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍ និង កម្លាំងផ្នែកជំនាញ សហការជាមួយ កម្លាំងការិយាល័យបច្ចេកទេសខេត្ត ចុះមកកន្លែងកើតហេតុធ្វើការពិនិត្យសាកសព។

បច្ចុប្បន្នកម្លាំងជំនាញខេត្ត កំពុងធ្វើកោសល្យវិច័យលើសាកសពជនរងគ្រោះ ដើម្បីស្រាវជ្រាវរកជនដៃដល់យកមកចាត់ការតាមផ្លូវច្បាប់៕

This image has an empty alt attribute; its file name is IMG_20230603_204311-768x1024.jpg

អត្ថបទ÷កណ្តាល

Share.