សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​មាន​ប្រសា​សន៍ សម្ដែងនូវក្ដីសង្ឃឹមថា៖ «តាមរយៈនៃការ​ប្រកួត​ស៊ីហ្គេម​នៅ​ព្រះរាជាណាចក្រកម្ពុជា ពេល​ណាមួយនោះអាស៊ានអាចនឹងទទួលការដេញថ្លៃធ្វើជាម្ចាស់ផ្ទះនៃអូឡាំពិក ឬក៏​ការ​ប្រកួត​បាល់​ទាត់​ពិភពលោក»។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ដូច្នេះ ក្នុងខណៈដែលសម្ដេច និង​សម្ដេច​កិត្តិព្រឹទ្ធ​បណ្ឌិត​បាន​អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុង​ពិធី​បើក​ជាផ្លូវ​ការ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ជន​ពិការ​អាស៊ានលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នារាត្រីថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២៣ នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិមរតតេជោ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «ព្រះរាជាណាចក្រកម្ពុជា ទើប​រៀប​ចំ​ព្រឹត្តិការណ៍​កីឡា​អាស៊ី​អាគ្នេយ៍ ស៊ីហ្គេមលើកទី៣២ ទទួលបានជោគជ័យដ៏ត្រចះត្រចង់ ហើយ​កម្ពុជា​ក្លាយ​ទៅ​ជា​ចំណែក​មួយ​នៃ​កិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញនូវសាមគ្គីភាពអាស៊ាន និង​លើក​ម្ពស់​គុណភាព​កីឡា​របស់​អាស៊ាន»។

សម្ដេចតេជោបានមានប្រសាសន៍សង្ឃឹមថា តាម​រយៈ​នៃ​ការ​ប្រកួត​ស៊ីហ្គេម​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ពេលណាមួយនោះអាស៊ានអាចនឹងទទួលការដេញថ្លៃធ្វើជាម្ចាស់ផ្ទះនៃអូឡាំពិក ឬក៏​ការ​ប្រកួត​បាល់​ទាត់ពិភពលោក ដោយសម្ដេចមានជំនឿថា បណ្ដាប្រទេសអាស៊ានរបស់យើង នឺង​អាច​មាន​ក្រុម​បាល់​ទាត់មួយក្រុមដែលខ្លាំង សម្រាប់ការប្រកួតនៅក្នុងពិភពលោក ក្នុង​ក្របខ័ណ្ឌ​ជា​សហគមន៍​អាស៊ានរបស់យើង។

សម្ដេចតេជោគូសបញ្ជា់ថា៖ «ពេលនេះ ព្រះរាជាណាចក្រកម្ពុជាមានមោទនភាព ដែល​បាន​រៀប​ចំការ​ប្រកួត​កីឡាជនពិការអាស៊ានលើកទី១២ ដើម្បី​រួម​ចំណែក​លើក​កម្ពស់​សិទ្ធិ​សេរីភាព​ជន​ពិការ​ភាព និងផ្ដល់ឱកាសដល់អត្តពលិកជនពិការ បញ្ចេញសមត្ថភាព ទេពកោសល្យរបស់ខ្លួន ក្នុង​ពិធីបុណ្យ​កីឡាជនពិការដ៏គគ្រឹកគគ្រេងនាពេលនេះ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បាន​ស្នើ​ឱ្យ​រួម​គ្នា​លើក​កម្ពស់សិទ្ធិជនមានពិការភាព និង​ចូលរួម​គាំទ្រ​អត្តពលិក​ជនពិការគ្រប់ៗគ្នា»។

គួរបញ្ជាក់ដែរថា ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ប្រតិភូ និង​កីឡា​ករ កីឡាការិនី នៃបណ្ដាប្រទេសអាស៊ានដែលបានចូលរួមមាន​ចំនួន​ប្រមាណ ២ ១៦០ នាក់ ដែល​នឹងចូលរួមប្រកួតប្រជែងលើ១៣ប្រភេទកីឡា សរុបចំនួន ៤៣១វិញ្ញាសា និង​ប្រភេទ​កីឡា​ក្រៅ​ផ្លូវការ​មួយ (E-Sports)វចាប់ផ្ដើមពីថ្ងៃទី ០៣ ដល់ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំៗ០២៣៕

ប្រភព៖ AKP

Share.