កណ្តាល ៖ ស្ត្រីចំណាស់ម្នាក់ស្លាប់យ៉ាងអាណោចអធ័ម អ្នកឃើញហេតុការណ៍ រន្ធត់ចិត្តគ្រប់គ្នា ក្នុងសភាពខ្ទេចបែកសាច់វល់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ រថយន្តបែនយុីឌុបបើកបុកម៉ូតូស្កុបពី ដួលហើយកិនជនរងគ្រោះ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ នៅតាមផ្លូវលំ ក្នុងភូមិត្រពាំងបាគូ ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុរថយន្តបង្កម៉ាកហុីយ៉ាន់ដាយ បែន យុីឌុប ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3F-2408 បើកពីលិចទៅកើត ដល់ចំណុចកើតហេតុ បុកម៉ូតូស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AI-2715 ជិះដោយស្ត្រីចំណាស់ម្នាក់ស្របទិស កិនបែកសាច់វល់ខ្ទេច មើលលែងយល់ អ្នកបើកបរត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។

ក្រោយកើតហេតុក្រុមគ្រួសារ ដើរមូលសាច់ ដាក់ថង់ខ្ចប់យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តនិងម៉ូតូ រួមទាំងអ្នកបើកបររថយន្តផង សមត្ថកិច្ចយកទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ÷តាតុងសែនជ័យ

Share.