ភ្នំពេញ ៖ បុរស២នាក់រងរបួសធ្ងន់ និងស្ត្រីម្នាក់រងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូវ៉េវ ជិះល្បឿនលឿនផ្លូវកោង ជ្រុលទៅបុកជាមួយម៉ូតូហុងដាឌ្រីម ច្រាសទិស ជិះដោយមន្ត្រីយោធា ឌុបគ្នា២នាក់ប្តីប្រពន្ធ ម៉ូតូបាក់កង់មុខទាំង២គ្រឿង ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ នៅតាមផ្លូវបេតុង ចំណុចស្រះទឹកមុខវត្តជន្លង់ម្លូ ភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ម៉ូតូវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HP-1456 ជិះដោយបុរសម្នាក់ ល្បឿនលឿនពីកើតទៅលិច ដល់ចំណុចផ្លូវកោងមុខវត្ត ជ្រុលទៅបុកម៉ូតូនៅគន្លងផ្លូវម្ខាងទៀត ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1T-4639 ជិះច្រាសទិស ជិះដោយមន្ត្រីយោធា រួមដំណើរជាមួយប្រពន្ធ បណ្តាលឲ្យបុរស២នាក់រងរបួសធ្ងន់ និងស្ត្រីម្នាក់រងរបួសស្រាល ម៉ូតូបាក់កង់មុខទាំង២គ្រឿង ។

ជនរងគ្រោះម្នាក់ខាងម៉ូតូវ៉េវ ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកពោធិចិនតុងដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។ ចំណែកជនរងគ្រោះជាមន្ត្រីយោធា និងប្រពន្ធ ខាងម៉ូតូហុងដាឌ្រីម ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពែទ្យព្រះកេតុមាលា ។ ដោយឡែកម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌកំបូលជាបណ្តោះអាសន្ន៕

អត្ថបទ÷តាតុងសែនជ័យ

Share.