ថ្លែងនាឱកាសប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់​ការ​សិក្សានៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (RULE) សរុបជិត ៦ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានកោតសរសើរដែលសាកលវិទ្យាល័យរដ្ឋមួយនេះមានលទ្ធភាព និងសមត្ថភាពស្រូបយកសិស្សបរទេសចូលសិក្សាបានច្រើន ក្នុងនោះសម្ដេចកាន់តែភ្ញាក់ផ្អើលនៅពេលដឹងថាមាននិស្សិតបារាំងសិក្សាដល់ទៅជាង១០០នាក់។

បើតាមសម្ដេចតេជោ សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បានស្រូបយកសិស្សបរទេសសិក្សាថ្នាក់បរិញ្ញាបត្រ រួមមាននិស្សិតឡាវ៥៦នាក់ កូរ៉េ១៧នាក់ វៀតណាម១០នាក់ ជប៉ុន១នាក់ ចិន៣នាក់ និងបារាំង៨នាក់ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មានបារាំង៩៩នាក់ ចិន៧នាក់ អាមេរិក២នាក់ បង់ក្លាដេស១នាក់ កូរ៉េ៥នាក់ ជប៉ុន៣នាក់ ម៉ារ៉ុក២នាក់ អង់គ្លេស៦នាក់ ម៉ាលី១នាក់ ហ្គាបង់១នាក់ ទុយនេស៊ី១នាក់ អ៊ុយក្រែន១នាក់ ទួកគី១នាក់ និងវៀតណាម១នាក់។

សូមបញ្ជាក់ថាសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច ជាគ្រឹះស្ថានឧត្ដមសិក្សាដំបូងបង្អស់នៃព្រះរាជាណាចក្រកម្ពុជា។ សាកលវិទ្យាល័យនេះត្រូវបានបង្កើតឡើងដំបូងបង្អស់នៅក្នុងឆ្នាំ ១៩៤៨ ក្នុងនាមជា វិទ្យាស្ថាននីតិសាស្ដ្រនយោបាយ និងសេដ្ឋកិច្ច។ នៅឆ្នាំ ២០០៣ គឺជាឆ្នាំដ៏សំខាន់មួយសម្រាប់ប្រវត្ដិសាស្ដ្រសាកលវិទ្យាល័យ ដោយមហាវិទ្យាល័យនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច ត្រូវបានទទួលស្គាល់ជាសាកលវិទ្យាល័យក្រោមនាមជា សាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច៕

Share.