សិល្បៈជាតិ៖ មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២ បានពន្លត់ម៉ាស៊ីនបញ្ចាំងភាពយន្តរបស់ខ្លួនហើយ ប៉ុន្តែទាំងក្រុមការងាររៀបចំមហោស្រព និងមហាជនអ្នកចូលរួមគាំទ្រ ទទួលបានអនុស្សាវរីយ៍ល្អៗនឹងការចងចាំដក់ជាប់ក្នុងក្រអៅដួងចិត្តជានិច្ច។

នៅក្នុងពិធីបិទនៃមហោស្រពនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឱ្យដឹងថា ក្រសួងបានចាត់ទុកឧស្សាហកម្មភាពយន្ត គឺជាផ្នែកអាទិភាពមួយនៃផែនការយុទ្ធសាស្ត្រ ក្នុងការផ្សព្វផ្សាយ និងលើកស្ទួយវិស័យវប្បធម៌ជាតិ ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

ក្នុងនោះ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា គឺជាព្រឹត្តការណ៍ដ៏សំខាន់មួយ ដែលគាំទ្រដល់ផែនការយុទ្ធសាស្រ្តនេះ ក្នុងការផ្សព្វផ្សាយអំពីកម្ពុជាទៅកាន់ពិភពលោក សំដៅជំរុញកម្ពុជា ឱ្យក្លាយជាដែនដីទាក់ទាញនៃការថតភាពយន្តជាតិ និងបរទេស ស្របតាមចក្ខុវិស័យនៃគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌។

យ៉ាងណាមិញ នៅឆ្នាំ២០២៣នេះ គឺជាឆ្នាំទី១២ នៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជា។ ក្នុងរយៈពេល០៦ថ្ងៃនេះ មានកម្មវីធីបញ្ចាំងភាពយន្តចំនួន១៥០ដង មកពីប្រទេសចំនួន៣៤ ដែលមានទាំងភាពយន្តបែបរន្ធត់ ភាពយន្តបែបស៊ើបអង្កេត ភាពយន្តប្រវត្តិសាស្ត្រ ភាពយន្តគំនូរជីវចល និងភាពយន្តស្តីអំពីភពផែនដី នៅតាមទីតាំងចំនួន១១កន្លែងក្នុងរាជធានីភ្នំពេញ ដោយមានអ្នកចូលរួមយ៉ាងច្រើនកុះករ។ ក្នុងនោះក៏មានការចាក់បញ្ចាំងខ្សែភាពយន្តស្តីអំពីជនជាតិដើមភាគតិចក្នុងប្រទេសកម្ពុជា ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ផ្សេងទៀតនៃពិភពលោកផងដែរ។

ទន្ទឹមនេះ ក៏មានកម្មវិធីដ៏សំខាន់ៗមួយចំនួនទៀត ដូចជា៖
-កម្មវិធី «ជុំវិញទន្លេមេគង្គ» ដែលបានបង្ហាញពីជីវភាពរស់នៅប្រចាំថ្ងៃ សិល្បៈ និងវប្បធម៌របស់ប្រជាជននៅតាមដងទន្លេមេគង្គ និងជុំវិញតំបន់ទន្លេមេគង្គ ជាពិសេសជនជាតិដើមភាគតិច។
-កម្មវិធី «ភូមិភាពយន្ត» ដែលទើបបង្កើតឡើងក្នុងឆ្នាំនេះ ដែលអាចជួយឱ្យអ្នកប្រកបរបរក្នុងវិស័យភាពយន្ត ជួបជជែកផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ដើម្បីស្វែងរកការអភិវឌ្ឍវិស័យនេះឱ្យកាន់តែប្រសើរ។ កម្មវិធីនេះ ក៏បានដាក់តាំងបង្ហាញឧបករណ៍ដែលប្រើក្នុងវិស័យភាពយន្ត ដែលសុទ្ធសឹងតែជាឧបករណ៍ថ្មីៗនិងទាន់សម័យនៃបច្ចេកវិទ្យាចុងក្រោយផងដែរ។

-តាមរយៈកម្មវិធីកិច្ចពិភាក្សា សិក្ខាសាលាស្តីពីភាពយន្ត និងព្រឹត្តិការណ៍ផ្សេងៗទៀត ដែលធ្វើឡើងចំនួន៦០លើក គឺជាវេទិកាអប់រំមួយ ក្នុងការចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ពីគ្នាទៅវិញទៅមក ដែលរួមចំណែកយ៉ាងសំខាន់ដល់លើកកម្ពស់វិស័យភាពយន្តកម្ពុជាឱ្យកាន់តែរឹងមាំឡើង និងក៏ជាស្ពានផ្សារភ្ជាប់ទំនាក់ទំនងកម្ពុជា ទៅកាន់ពិភពលោកផងដែរ។

សូមជម្រាបផងដែរថា មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​នឹងត្រឡប់មកជួបអ្នកគាំទ្រជាថ្មីម្ដងទៀតនៅលើកទី ១៣ គឺនៅក្នុងឆ្នាំ ២០២៤៕

Share.