ភ្នំពេញ ៖ បុរសជាជាងជួសជុលម៉ូតូម្នាក់ ជិះម៉ូតូល្បឿនលឿនជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសចោមចៅ បណ្តាលឲ្យបោកបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅកន្លែង ហើយត្រូវបានជនឆ្លៀតឱកាសលួចយកលុយកាក់អស់ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ នៅគល់ស្ពានអាកាសចោមចៅ ជ្រុងខាងត្បូង ផ្លូវជាតិលេខ៣ ចំណុចក្រុម១ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ សែម ចាន់សុភីន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ ជាងម៉ូតូ មានទីលំនៅភូមិពេជចង្វា ឃុំភ្នំកុង ស្រុកអង្គជ័យ ខេត្តកំពត ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1G-2926 ល្បឿនលឿនតាមបណ្តោយផ្លូវជាតិលេខ៣ ពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ជ្រុលបុកបង្កាន់ដៃស្ពាន បណ្តាលឲ្យបោកបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅកន្លែង ហើយត្រូវបានជនឆ្លៀតឱកាសបន្លំលួចលុយរបស់ជនរងគ្រោះបាត់អស់ មុនសមត្ថកិច្ចចុះទៅដល់ ។

តែបើតាមសាច់ញាតិបានឲ្យដឹងថា ជនរងគ្រោះយកលុយចំនួន៤ពាន់ដុល្លារចេញពីផ្ទះ សម្រាប់បង់ធនាគារ ស្រាប់តែជួបគ្រោះថ្នាក់បែបនេះ បាត់លុយពីក្នុងកាបូបអស់ ។

ក្រោយកើតហេតុសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌជាបណ្តោះអាសន្ន ៕

អត្ថបទ៖តាតុងសែនជ័យ

Share.