កណ្តាល ៖ ស្ត្រីម្នាក់ចិត្តខ្មៅ អប្រិយ ដាច់ចិត្តប្រល័យជីវិតកូនប្រុសរបស់ខ្លួនដែលទើបសម្រាល ដោយច្របាច់កសម្លាប់ច្រកថង់យកទៅបោះចោលក្នុងទឹកប្រឡាយ ព្រោះតែខឹងនឹងប្តី មិនទទួលស្គាល់កូន សមត្ថកិច្ចចុះពិនិត្យស្រាវជ្រាវ ទីបំផុតចាប់ខ្លួនស្ត្រីជាម្តាយ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ នៅភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

ស្ត្រីខាងលើមានឈ្មោះ ណាវ សៅរី  អាយុ៣៩ឆ្នាំ មុខរបរ កម្មការនីរោងចក្រ រស់នៅភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

តាមសមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៣ ប្រទះឃើញសពទារក ដែលទើបនឹងកើតថ្មីៗ ត្រូវបានគេយកទៅបោះចោលក្នុងទឹកប្រឡាយ បង្កឲ្យភ្ញាក់ផ្អើល ធ្វើការពិនិត្យ កោសល្យវិច័យ ស្រាវជ្រាវ ឈានដល់ឃាត់ខ្លួនស្ត្រីជាម្តាយ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ ។

តាមការសារភាព ស្ត្រីខាងលើបានឲ្យដឹងថា ខ្លួនមានទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់ រស់នៅជាមួយគ្នាទាំងមិនបានរៀបការ ហើយសាច់ញាតិក៏មិនដឹងដែរ រហូតដល់មានផ្ទៃពោះ តែមិនទាន់ដល់៩ខែ១០ថ្ងៃនោះទេ ស្រាប់តែនៅវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ឈឺបត់ជើងធំ ដើរចូលបន្ទប់ទឹក ស្រាប់តែស្រាលកូន(ប្រុស) នឹកឃើញរឿងដែលបនតីលួចលាក់ មិនទទួលស្គាល់កូន របស់គេទាំង២នាក់ផង សម្រេចចិត្តចងកឡើងឡើង រហូតដល់ស្លាប់ លែងកម្រើក ក៏ច្រកថង់ខ្មៅ ដើរយកទៅបោះចោលក្នុងទឹកប្រឡាយ រួចដើរត្រឡប់ទៅផ្ទះវិញ មេឃមិនទាន់ភ្លឺច្បាស់ មិនអស់ចិត្ត ដើរទៅមើល ឃើញថង់នៅអណ្តែតទឹក ក៏ចុះទៅស្រាយមាត់ថង់ ចាក់សពកូនរបស់ខ្លួនក្នុងទឹក បំណងចង់ឲ្យសពលិចក្នុងទឹក ម្យ៉ាងភ័យផង ខ្លាចគេឃើញផង ប្រញាប់វិលទៅផ្ទះ លុះព្រឹកឡើងភ្លឺច្បាស់ សពទារកមិនបានលិចទេ នៅអណ្តែតលើទឹក ទើបប្រជាពលរដ្ឋប្រទះឃើញ ផ្អើលឆោឡោ រហូតដល់សមត្ថកិច្ចចុះពិនិត្យ ស្រាវជ្រាវ ស្គាល់មុខ ឈានដល់ឃាត់ខ្លួនតែម្តង ។

ចំពោះមូលហេតុឈានដល់សម្រេចចិត្តបែបនេះ ព្រោះមានកូនជាមួយប្តីលួចលាក់ លុះដល់កើត ម្យ៉ាងខឹងប្តី ម្យ៉ាងខ្លាចបងប្អូនដឹង ក៏សម្រេចប្រព្រឹត្តបែបនេះ ។ស្ត្រីខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹងដេីម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.