សិល្បៈជាតិ៖ ចូលដល់ពាក់កណ្ដាលឆ្នាំ ២០២៣ នេះភ្លាម ស្រាប់តារាស្រីដែលមានមន្តស្នេហ៍បបូរមាត់ស្រទន់ កញ្ញា វណ្ណៈ បូរមី លេចមុខក្នុងខ្សែភាពយន្តខ្នាតធំរបស់ផលិតកម្ម Wonder Film ដែលមានចំណងជើងថា «ពពិលខ្មៅ» ជាភាពយន្តបែបភ័យរន្ធត់ លាយលំជាមួយរឿងរ៉ាវមន្តអាគមផ្លូវងងឹត។

ដូចមហាជនបានស្គាល់ហើយថា កញ្ញា វណ្ណៈ បូរ​មី គឺអតីត​ជា​បេ​ក្ខ​ភាព​ប្រកួត​កម្មវិធី Freshie Girls & Boys កាលពី​ឆ្នាំ​ ២០១៦ ដែលជាប់ដល់វគ្គ ៦ រូប​ចុងក្រោយ ហើយកញ្ញាក៏ចាប់ចូលប្រឡូកអាជីពជាតារាសម្ដែង និងលេច​មុខក្នុងភាពយន្តជា​ហូរហែ ទាំងភាពយន្តខ្នាតធំ រឿងភាគ និងជាពិសេសការថតស្ពតពាណិជ្ជកម្មឱ្យក្រុមហ៊ុនធំៗជាដើម។

សម្រាបឆ្នាំនេះ កញ្ញាបានបង្ហាញស្នាដៃថ្មីតាមរយៈភាពយន្តរបស់ផលិតកម្ម Wonder Film ភាពយន្ត «ពពិលខ្មៅ» ដែលបានថតនៅក្នុងអំឡុងឆ្នាំ ២០២១ និងជាភាពយន្តទី ២ របស់ផលិតកម្មដែលបានចំណាយដើមទុនច្រើនបំផុត ក្នុងការនាំភាពយន្តរបស់កម្ពុជាចូលទៅក្នុងទីផ្សារភាពយន្តអន្តរជាតិ។

​តាមសម្ដីរបស់លោក សែម វិសាល ចាងហ្វាងផលិតកម្ម Wonder Film ធ្លាប់ប្រាប់អ្នកសារព័ត៌មានត្រយងថា ផលិតកម្មបានផលិតភាពយន្តបែបភ័យរន្ធត់​ជាច្រើន​រឿង​សុទ្ធសឹង​មានគុណភាព​ត្រូវ​ស្ដង់ដារអន្តរជាតិ។ ភាពយន្ត «ពពិលខ្មៅ» គឺជាភាពយន្ត​ទី២ បន្ទាប់ពីភាពយន្ត «កំណើតអរូប» ដែលបានសម្រិតសម្រាំងតួសម្ដែងទាំងខ្មែរ និងបរទេស​រួមបញ្ចូលគ្នាក្នុងភាពយន្តតែមួយ។ ហើយភាពយន្តនេះ ក៏ត្រូវបានត្រៀមបញ្ចាំងនៅក្នុងរោងភាពយន្តនាថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៣។

​ងាកមកមើលសម្រស់តារាស្រី វណ្ណៈ បូរមី គ្រាន់តែមើលរូបភាព Poster រឿង «ពពិលខ្មៅ» គឺយើងឃើញហើយថា កញ្ញាពិតជាពូកែលេងទឹកមុខឱ្យស៊ីគ្នាជាមួយចរិតរបស់តួអង្គក្នុងខ្សែភាពយន្ត។ បើនិយាយពីទម្រង់មុខរបស់កញ្ញាវិញ គេអាចនិយាយបានថា កញ្ញាពិតជាស័ក្ដសមជាមួយការសម្ដែងជាតួបែប​វីរនារី តួ​វាយ​តប់ ឬតួ Spy Girl ជាដើម។ ជាក់ស្ដែងកាលចូលប្រឡូកសិល្បៈនៅឆ្នាំ ២០១៩ កញ្ញាធ្លាប់បានចូលរួមសម្ដែងជាតួស្រីស៊ើបអង្កេតក្នុងភាពយន្ត «ព្រឺ» របស់ផលិតកម្មខ្មែរមេគង្គ។

សូមជម្រាប ភាពយន្ត «ពពិលខ្មៅ» មានការចូលរួមពីតារាល្បីៗដូចជា អ្នកនាង ស្វែង សុជាតា អ្នកនាង លិញ លិញ យុវតី មីន ឈើរី លោក រ៉ៃមេន លោក ឃឹម ហ្សានីត និងតារាកិត្តិយសជាច្រើនរូបទៀត។ ចង់ដឹងថាការផ្លាស់ប្ដូរបែបបទសម្ដែងរបស់កញ្ញា វណ្ណៈ បូរមី ក្នុងភាពយន្តបែបភ័យរន្ធត់លាយលំជាមួយអាគមផ្លូវងងឹតមួយនេះ ពិតជាល្អមើលកម្រិតណានោះ កុំភ្លេចចូលរួមគាំទ្រនិងទស្សនាភាពយន្តថ្មីនេះនៅរោងភាពយន្តទាំងអស់គ្នា៕

Share.