ភ្នំពេញ៖ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី៧-១៣ ខែមិថុនា ឆ្នាំ២០២៣ កម្ពុជានឹងទទួលនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយលើប្រទេសថៃ ឡាវ និងវៀតណាម គួបផ្សំនិងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរ។

លក្ខណៈបែបនេះនឹងធ្វើឲ្យ តំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C នឹងសីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C។ ចំពោះបណ្តាខេត្តនៅភាគកណ្តាល និងភាគពាយ័ព្យ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គរ លាយឡំ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ដោយឡែកចំពោះបណ្តាខេត្ត-រាជធានី នៅភាគខាងក្រោមបរិមាណភ្លៀងអាចមានកម្រិតថមថយជាងបន្តិច។

សម្រាប់តំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមាពី ២៤-២៦ °C នឹង សីតុណ្ហភាពអតិបរមាពី ៣០-៣២ °C ហើយអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គរ ដែលផ្នែកខ្លះអាចច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ចំពោះតំបន់មាត់សមុទ្រសីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C នឹងសីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C ។ ហើយអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន ទាំងលើផ្ទៃដី និងផ្ទៃសមុទ្រ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ បន្ថែមដោយរលកសមុទ្រមានកម្ពស់ខ្ពស់។

អាស្រ័យដូចបានជំរាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្តឲ្យបានខ្ពស់ចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ ៕

អត្ថបទ៖ សង្គម


Share.