ក្រុមបាល់ទះអង្គុយបុរសកម្ពុជា បាន​កក់កៅអី​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ក្រោយ​យក​ឈ្នះ​ប្រកួត​វិលជុំ​ចុងក្រោយ​លើ​ក្រុម​ឥណ្ឌូណេស៊ី ដោយ​លទ្ធផល​៣សិតទល់និង០ នៅ​ព្រឹក​ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣។

បាល់ទះ​អង្គុយបុរស នេះ​តម្រូវ​ឱ្យ​ក្រុម​ដែល​ចុះ​ឈ្មោះ​ប្រកួត​ទាំង​​អស់ ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ ហើយ​ក្រុម​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ចំនួន​៤​មាន​ឈ្មោះ​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ពោល​គឺ​ក្រុម​ចំណាត់ថ្នាក់​លេខ១ ត្រូវ​ប៉ះ​ក្រុម​លេខ៤ ហើយ​ក្រុម​ចំណាត់​ថ្នាក់​លេខ២ ត្រូវ​ប៉ះ​ក្រុម​ចំណាត់ថ្នាក់​លេខ៣។ អ្នក​ឈ្នះ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ មាន​ឈ្មោះ​បន្ត​ឡើង​ទៅ​ដណ្តើម​មេដាយ​មាស តែ​ម្តង។

ចំណែក​លទ្ធផល​ប្រកួតកន្លង​មក​របស់​ក្រុម​កម្ពុជា បាន​ឈ្នះហ្វីលីពីន ៣-០ ឈ្នះមីយ៉ាន់ម៉ា ៣-០ ចាញ់ថៃ ១-៣ និងចុងក្រោយឈ្នះ ឥណ្ឌូណេស៊ី ៣-០។ ចំណែក​ចំណាត់​ថ្នាក់​នឹង​ដឹង​​ច្បាស់​ក្រោយ​ពេល​ក្រុម​​ផ្សេង​ទៀត​ប្រកួត​វិលជុំ​​សន្សំ​ពិន្ទុ​នៅ​ថ្ងៃ​នេះ​រួចរាល់។

គួរបញ្ជាក់ផងដែរថា ក្រុមបាល់ទះអង្គុយបុរសកម្ពុជា គឺ​ជា​ក្រុម​ដែល​ត្រូវ​ការពារ​តំណែងមេដាយ​មាស ឆ្នាំចាស់ ខណៈ​ការ​ប្រកួត​ក្នុង​ឆ្នាំ​២០២២ កន្លង​ទៅ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ក្រុម​កម្ពុជា បាន​យក​ឈ្នះក្រុមបាល់ទះអង្គុយបុរសថៃ នៅវគ្គផ្ដាច់​ព្រ័ត្រ ៣សិតទល់និង១។ កាល​នោះ​កម្ពុជា ជា​ម្ចាស់​មេដាយមាស ហើយ​ក្រុម​ថៃ ជា​មេដាយប្រាក់ និងឥណ្ឌូនេស៊ី ឈ្នះ​មេដាយ​សំរឹទ្ធ៕​

Share.