សិល្បៈជាតិ៖ ពិតជាធ្វើឱ្យផ្អើលពេញបណ្ដាញសង្គម ខណៈដែលអតីតតារាចម្រៀងស្រី យ៉ុង ចាន់កណ្ណិកា និងបងស្រីឈ្មោះ ចែនគែន បានចេញមុខ Live ទម្លាយរឿងរ៉ាវអំពីការសង្ស័យចំពោះក្រោយការស្លាប់របស់លោក សំ ករុណា ដែលជាប៉ូលិស និងជាស្វាមីរបស់ចែគែន នោះត្រូវបានរកឃើញថា មានរនុកក្នុងលួចធ្វើអំពើផ្លូវងងឹត។

ស្វាមីរបស់ថៅកែហាង កណ្ណិកាសាឡន បានទទួលមរណភាពដោយសារតែគ្រោះថ្នាក់ចរាចរណ៍ នឹងបន្សល់កូនប្រុស២នាក់ដែលនៅមិនទាន់ដឹងក្តីនៅឡើយ។ ខណៈកំពុងទុក្ខដ៏ក្រៀមក្រំនេះ ក្រុមគ្រួសាររបស់ម្ចាស់​ហាង​សាឡន​ មានអារម្មណ៍ស្លត់ចិត្តជាខ្លាំង នៅពេលដែលចាប់បានថា រនុកក្នុងដែលជាដៃឆ្វេង ឬមនុស្សជំនិតរបស់ម្ចាស់ហាងធ្លាប់រស់នៅរួមសុខទុក្ខជាមួយគ្នាអស់រយៈពេល ៩ ឆ្នាំមកហើយ បែរជាប្រព្រឹត្តិទង្វើក្បត់ និងលួចដាក់អំពើផ្លូវងងឹតក្នុងហាង ដើម្បីឱ្យម្ចាស់ហាងមានគ្រោះរកស៊ីធ្លាក់ចុះអស់ភ្ញៀវ។

អតីតតារាចម្រៀងស្រី យ៉ុង ចាន់កណ្ណិកា និងចែគែន បានរៀបរាប់នៅក្នុងពេល Live ថា នៅពេលដែលក្រុមគ្រួសារបានរៀបចំបញ្ចុះសពស្វាមីទៅតាមប្រពៃណីរួចរាល់ ក៏ស្រាប់តែលេចចេញរឿងដែលមិននឹកស្មានដល់។ ចែនគែនថា ខ្លួនមិនអាចដោះលេខកូដទូរស័ព្ទ Ipad និងសូម្បីតែលេខកូដទូដែករបស់ស្វាមីបានឡើយ ព្រោះពុំដែលចាប់អារម្មណ៍ស្គាល់ពីមុនមក។

ប៉ុន្តែនៅពេលស្រាវជ្រាវចង់ដឹងលេខកូដសម្ងាត់ ក៏ស្រាប់តែជួបហេតុការណ៍គួរឱ្យព្រឺក្បាល និងស្លុតចិត្តជាខ្លាំងបំផុត។ នៅពេលនោះ ចែគេន ឡើងទៅឆែកមើលបន្ទប់ដែលជាន់លើបង្អស់ ក៏ស្រាប់តែរកឃើញខោលីអូមួយថង់ខ្មៅ សុទ្ធតែជាខោដែលគគ្រិចខ្លាំងបំផុត ដែលត្រូវបានដាក់សង្កត់នៅពីលើទូរស័ព្ទប្តីចែគែន។ ភ្លាមនោះក៏ស្រាប់តែដឹងថា មានអ្នកលួចដាក់អំពើដែលពាក់ព័ន្ធនឹងរឿងផ្លូវងងឹត។

ក្រោយដឹងរឿងនេះហើយ អតីតតារាចម្រៀងស្រី យ៉ុង ចាន់កណ្ណិកា និងចែគែន បានធ្វើការស្រាវជ្រាវ និង​ដេញ​ដោល​សួរនាំកូនចៅនៅក្នុងហាងសាឡនទាំងអស់។ ហើយការពិតបានបង្ហាញថា ក្មេងស្រីដែលជាជនសង្ស័យនោះមានឈ្មោះ អាម៉ី បានសារភាពថា រូបនាងពិតជាបានធ្វើរឿងនេះមែន ដោយមានគេជួលក្នុងតម្លៃ ២៥០០ ដុល្លារ ឱ្យយកថង់លីអូទាំងនោះ ទៅដាក់ក្នុងបន្ទប់ប្តីរបស់ចែគេន ហើយហាមមិនឲ្យនិយាយអ្វីឡើយ។ ហើយចែគែន ក៏បានបញ្ឃប់ជនសង្ស័យមិនឱ្យធ្វើការក្នុងហាងសាឡនបន្តទៅទៀត។

យ៉ាងណាមិញ ទង្វើរបស់ជនសង្ស័យខាងលើនេះ ក៏មិនមានភ័ស្ដុតាងណាមួយដែលអាចបញ្ជាក់ថាជាដើមចមនៃការស្លាប់ដោយសារគ្រោះថ្នាក់ចរណ៍របស់ប៉ូលិសដែលជាស្វាមីរបស់ម្ចាស់​ហាង​​ កណ្ណិកា​សាឡន បានឡើយ។ ក៏ប៉ុន្តែនៅសង្គមខ្មែរយើង រឿងជំនឿព្រលឹង និងអបិយជំនឿមួយចំនួន នៅតែដក់ជាប់នៅក្នុងផ្នត់គំនិតជាប់ជានិច្ច ដូច្នោះគេមិនអាចសន្និដ្ឋានប្រាកដបានថា ការស្លាប់នេះតើពាក់ព័ន្ធមានរឿងផ្លូវក្នុង ផ្លូវងងឹតនេះមួយភាគរយឬយ៉ាងណានោះទេ៕

Share.