បញ្ហា​​ចម្រូងចម្រាស​​​​ពាក់ព័ន្ធ​​នឹង​​ការ​​កសាង​​ប្រាសាទ​​សីហនគរ​ ដែល​​ភាគី​​កម្ពុជា​​បាន​​លើក​​ឡើង​​ថា​​​ ចម្លង​​តាម​​ប្រាសាទ​​អង្គរវត្ត​របស់​កម្ពុជា​ ហើយ​ត្រូវ​បាន​ភាគី​ថៃ​ ចេញ​មកបដិសេធ​និង​អះអាង​ថា​ប្លង់​ ​និង រចនា​បទ​ គឺ​មិន​បាន​ចម្លង​ពី​​អង្គវត្តនោះ​ឡើយ​ តែ​កើត​ចេញ​ពី​ការ​និម្មិត​ឃើញ​របស់​ព្រះ​ចៅអធិការ​វត្តភូម៉ានហ្វា​ដែល​ជា​អ្នក​ផ្ដួចផ្ដើមម​កសាង​ឡើង​។

ប៉ុន្តែ​មហាជន​កម្ពុជា​​​បាន​ចេញ​មក​ច្រាន​ចោល​នូវ​ការ​បកស្រាយ​របស់​ភាគី​ថៃ​ ព្រម​ទាំង​បាន​បង្ហាញ​ភស្តុតាង​ជា​ច្រើន​ បញ្ជាក់​ថា​ប្រាសាទ​សីហនគរ​នេះ​ គឺ​ចម្លង​តាម​ប្រាសាទ​អង្គរវត្ត​។

ក្នុង​នោះ​ប្រជាជន​កម្ពុជា​បាន​បង្កើតយុទ្ធនាការ​ផ្សព្វផ្សាយ​ប្រាសាទ​អង្គរ​វត្តតាម​រយៈ​ Challenge ​ផុស​រូប​ខ្លួន​រួម​ជាមួយ​នឹង​ប្រាសាទ​អង្គរវត្ត​ព្រម​ទាំង​សំណេរ​ខ្លី​ ដោយ​មានភ្ជាប់​ជា​មួយ​នឹង​ Hashtag ទាម​ទារ​ឱ្យ​មាន​ការ​ផ្ដល់​យុត្តិធម៌​ដល់​កម្ពុជា និង​ប្រាប់​ទៅ​ពិភពលោក​ថា​ប្រាសាទ​​អង្គរ​មាន​តែ​មួយ​គត់​នៅ​លើ​ពិភពលោក។ ក្នុង​យុទ្ធនាការនេះ​ មាន​បងប្អូ​ន​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​រួម​ទាំង​សិល្បករ-សិល្បការិនី​ខ្មែរល្បី​ៗ​ ​ចូលរួម​ក្នុង​យុទ្ធនាការផ្សព្វផ្សាយ​នេះ​ដែរ​។

អ្វី​ដែល​កាន់​តែ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ខ្លាំងនោះ​ ​នៅ​ពេល​ដែល​ អេដមីន ផេកធ្លាប់​តែ​គាំទ្រ​តារា​ថៃ​ និង រឿង​ភាគ​ថៃ​ ដូច​ជា​ Nadech yaya Cambodia FC, GMMTV & Series Fan, Dara-Thai Fan Club , Dara Thai, Furby Gang Cambodia FC បាន​ចេញ​មក​ប្រកាស​បន្ត​​បន្ទាប់​គ្នា​ឈប់​គាំទ្រ​ និង​ ដកខ្លួន​ចេញ​ពី​ក្រុម​ផ្សព្វផ្សាយ​ប្រូម៉ូត​ តារា​ថៃ​ និង​ រឿង​ភាគ​ថៃ​ជា​បន្ត​ទៀត​ ដោយ​សារ​តែ​មាន​កា​រ​គំរាម​កំហែង​តាម​រយៈការ​ Report ផេក និង​ គណនី​​ផ្ទាល់​ខ្លួន​ ​ព្រោះ​តែ​អេដមីន​​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ចម្លង​ប្រាសាទ​អង្គ​រវត្តទីពីរ​នៅ​ប្រទេស​ថៃ​។

មហាជន​បាន​សម្ដែង​នូវ​ការ​គាំទ្រ​និង​កោត​សរសើរ​ខ្លាំង​ចំពោះ​ការ​បង្ហាញ​នូវ​ស្មារតី​ជាតិ​ ជាតិ​និយម​ ​បង្ហាញ​គោលជំហរ​ថែរក្សា​ ការពារ​ និង​អភិរក្ស ប្រវត្តិសាស្ត្រ​ និង​កេរ្តិ៍តំណែល​ដូន​តា​ របស់​អេដមីន​ដែល​មាន​ឈ្មោះ​ខាង​លើ​នេះ​។

បញ្ហា​លើក​នេះ​បាន​ធ្វើ​ឱ្យ​កើត​មាន​ទស្សនៈ​វិជ្ជមាន​មួយ​ថា​ រឿងនេះ​បាន​ដាស់​កូន​ខ្មែរ​ឱ្យ​ក្រោក​មក​ស្រលាញ់​វប្បធម៌ជាតិ​ ងាក​មក​ស្រាវជ្រាវប្រវត្តិសាស្ត្រជាតិ​និង​ប្រមូលផ្ដុំ​ឯកសារ​ដើម្បី​ជា​ភស្តុតាង​បញ្ជាក់​​ប្រាប់​ពិភពលោក​ថា​ប្រាសាទ​អង្គរវត្តជា​របស់​ដូន​តា​ខ្មែរ​។

យ៉ាង​ណា​មិញ​ ក៏​មាន​មតិ​ខ្លះ​លើក​ឡើង​ដែរ​ថា​ កុំ​ឱ្យ​ស្មារតី​ស្នេហា​ជាតិ​នេះ​មាន​ត្រឹម​តែ​ពេល​ដែល​មាន​បញ្ហា​ ពេល​គេចង់​បាន​ តែ​សូម​ឱ្យ​ស្មារតី​ជាតិនិយម​នេះ​ស្ថិត​ក្នុង​ដួង​ព្រលឹង​ ចិត្ត​ និង​វិញ្ញាណ​កូន​ខ្មែរ​គ្រប់​ពេលវេលា​៕​

សូមទស្សនា​វីដេអូ​ខាង​ក្រោម​៖

Telegram-Troryorng
Share.