សិល្បៈ​ជាតិ​៖ វាសនា​របស់​អធិរាជ​សំឡេង​មាស ស៊ិន ស៊ីសាមុត មិន​ខុស​ពី​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជិត​២​លាន​នាក់​ ដែល​ត្រូវ​បាន​អង្គការ​អាវ​ខ្មៅ​កាប់​សម្លាប់​យ៉ាង​ព្រៃ​ផ្សៃ​នោះ​ឡើយ​។ ការ​​​សម្លាប់​បញ្ញាវន្ត​ អ្នក​ចម្រៀង​ និងអ្នក​និពន្ធ​ចម្រៀង​ដ៏​ល្អឯក​នេះ គឺជា​​ការ​ខាត​បង់​នូវ​គ្រាប់​ពេជ្រ​ដ៏​មាន​តម្លៃ​បំផុត​មួយ​ក្នុងវិស័យ​សិល្បៈ​តន្ត្រី​។​ យ៉ាង​ណា​មិញ​ដំណើរ​ជីវិត​ចុង​ក្រោយ​មុន​លាចាក​លោក​របស់ លោក​តា ស៊ិន ស៊ីសាមុត​ ធ្វើ​ឱ្យ​អ្នក​ដែល​បាន​ដឹង​សែន​​ស្រណោះ​ចំពោះ​លោក​ជា​ពន់ពេក​។

សូមអាន​៖ មាន​អ្នក​ណា​ដឹង​ខ្លះ​​ ថ្ងៃ​ទី​២៣ ខែសីហានេះ ជា​ថ្ងៃ​​​ខួបកំណើតអធិរាជ​សំឡេង​មាស​ ស៊ីន ស៊ីសាមុត?​

ក្រុម​ខ្មែរ​ក្រហម ​ឬ​របប​អាវខ្មៅ​បាន​ចូលកាន់​កាប់​ទីក្រុង​ភ្នំពេញ​ទាំង​ស្រុង​​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា​ ឆ្នាំ​១៩៧៥។ ក្រោយ​ក្ដោបក្ដាប់​បាន​​ទី​​ក្រុង​ដោយ​ជោគជ័យ​ក្រុម​នេះ​បាន​​ជំលៀស​ប្រជាជន​ឱ្យ​ចាក​ចេញ​ពី​ទីក្រុង​ទាំង​អស់​ដោយ​ឃោសនា​ថា​ចាកចេញ​ត្រឹម​តែ​៣​ថ្ងៃ​ប៉ុណ្ណោះ​ ព្រោះ​ទ័ព​អាមេរិក​ត្រៀម​ទម្លាក់​គ្រាប់​បែក​។ ទោះ​ជឿ​ឬមិន​ជឿ​​ប្រជាជន​រស់​នៅ​​ទីក្រុង​ត្រូវ​តែ​បង្ខំ​ចាក​ចេញ​ពី​ទីក្រុង​ព្រោះ​ខ្លាច​ក្រុម​ខ្មែរ​ក្រហម​សម្លាប់។​

មិន​ខុស​ពី​បងប្អូន​អ្នក​រស់​នៅទីក្រុង​ដទៃ​ទៀត​លោក​តា ស៊ិន​ ស៊ី​សាមុត​និង​ភរិយា​ទីពីរ​ព្រម​ទាំង​កូនប្រុស​តូច​ទើប​នឹង​កើត​ ធ្វើ​ដំណើរ​ចេញ​ទៅ​តាម​ទិសដៅ​ដែល​ពួក​ខ្មែរ​ក្រហម​បាន​កំណត់​។ នៅ​តាម​ផ្លូវ​ធ្វើ​ដំណើរ​មក​ដល់​ត្រឹម​ព្រែក​ឯង​ ពេល​អង្គការ​ដឹង​ថា​លោក​គឺជា​អ្នក​ចម្រៀង និង​និពន្ធ​ក្នុង​របបចាស់ ពួក​គេ​បាន​បំបែក​លោក​ពីប្រពន្ធកូន ហើយ​នាំ​លោក​មក​ភ្នំពេញ​វិញ​ដើម្បី​និពន្ធ​ចម្រៀង​ឱ្យ​អង្គការ​ ប៉ុន្តែ​ពួក​គេ​គម្រាម​ថាបើ​ផលិតចម្រៀង​មិន​ត្រូវ​ចិត្ត​អង្គការ​លោក​នឹង​ត្រូវ​ទទួល​ទោស​។

​ជាអកុសល​ស្នាដៃ​និពន្ធ​លោក​មិន​ត្រូវ​ចិត្ត​អង្គការ​​ ដូច្នេះ​ពួក​គេ​បាន​ចាប់​បញ្ជូន​លោក​មក​មន្ទីរ​កែប្រែ​១៥ ដែល​ស្ថិត​នៅ​ភូមិ​ពោធិបាន​ ឃុំ​កោះ​ធំ ស្រុក​កោះ​ធំ​ ខេត្ត​កណ្ដាល។ ជាប់​ឃុំ​នៅ​ទីនោះ​ជា​ច្រើន​ខែ​លោក​តា​​ ស៊ិន ស៊ីសាមុតបាន​ធ្លាក់​ខ្លួន​ឈឺ ដោយ​សារ​តែ​រង​ការ​ធ្វើ​ទុក្ខ​ទោស​ពី​ពួក​ខ្មែរ​ក្រហម​យ៉ាង​ព្រៃ​ផ្សៃ​ជា​ទី​បំផុត​។

លោក​តា ស៊ីន ស៊ីសាមុត តែងតែ​និយាយ​ពាក្យ​ដដែល​ប្រាប់​អ្នក​ជាប់​ឃុំឃាំង​ដូច​គ្នា​ថា​ «បង​ នឹក​រលឹក​ប្រពន្ធ​កូន​ ការងារ​ និង​កន្លែង​ដែល​បង​ធ្លាប់​ទៅ​លេង​ខ្លាំង​ណាស់​» «ប្អូន​ត្រូវ​ខិត​ខំ​​កសាង​ខ្លួន​ឱ្យ​បាន​ល្អ​ ធ្វើ​យ៉ាង​ណា​ឱ្យ​អង្គការ​ពេញ​ចិត្ត​»។

នៅ​ដើម​ខែ​ធ្នូ ឆ្នាំ​១៩៧៥ មេឃុំ​ឃាំង​មន្ទីរ​កែប្រែ​ ១៥ ​បាន​បញ្ជូន​ជន​រងគ្រោះ​ថ្មីមក​ឃុំឃាំង និង​ហៅ​​ឈ្មោះ​ជនរងគ្រោះ​ចាស់​ដែល​នៅ​ជាប់​ឃុំ​ចេញ​ទៅ​ ដោយ​ក្នុង​ចំណោម​ឈ្មោះ​ដែល​ត្រូវ​ហៅទាំង​អស់​ឈ្មោះ​ចុង​ក្រោយ​គេ​គឺ​ឈ្មោះ​របស់​លោក​តា​ ស៊ិន ស៊ីសាមុត​។ ពេល​ឮឈ្មោះ​ខ្លួន​ លោក​ហាក់​ដឹង​ប្រាកដ​ក្នុង​ចិត្ត​ថា​លោក​ប្រាកដ​ជា​ត្រូវ​គេ​យក​ទៅ​សម្លាប់​ដូច​ជនរងគ្រោះ​ដទៃ​ទៀត​ដែរ លោក​បាន​ពោល​ពាក្យ​លា​ អ្នក​ជាប់​ឃុំ​ជាមួយ​គ្នា​ថា «បងលា​អូន​ហើយ​»

ពួក​ទាហាន​ខ្មែរ​ក្រហម​ក្មេង​ៗ​ពីរ​បីនាក់​ បាន​បណ្ដើរ​លោក ​ស៊ីន ស៊ីសាមុត ចេញ​ទៅ​ត្រើយ​ម្ខាង​នៃ​មន្ទីរឃុំ​ ហើយ​នៅពេល​ទៅ​ដល់​ទីពិឃាត​ លោក​ត្រូវ​បាន​ពួក​ខ្មែរ​ក្រហម​យក​ក្រណាត់​មក​រុំ​ភ្នែក​ ចង់​ដៃ​ស្លាបសេក​ ហើយ​ឈរ​ផ្អែក​ទៅ​នឹង​គល់ឈើ ហើយ​ទាហាន​ក្មេង​ម្នាក់​បាន​យក​កាំបិត​មក​ចាក់​លើ​ទ្រូង​លោក ព្រម​ទាំង​ឱន​មក​ខ្សឹប​ថា​ «ឱ្យ​ខ្ញុំ​សុំ​ទោស​ផង​អ៊ុំ»

សាកសព​របស់​លោក ស៊ិន ស៊ីសាមុត​ ត្រូវ​បាន​ពយក​ទាហាន​ខ្មែរ​ក្រហម​យក​ទៅ​កប់​ជាមួយ​នឹង​សព​ជន​រងគ្រោះ​ដទៃ​ទៀត​នៅ​ក្នុង ​ឃុំ​ពោធិបាន ស្រុក​កោះ​ធំ ខេត្ត​កណ្ដាល​។ ទីតាំង​កប់​សព​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​រណ្ដៅ​សរុប​ ៥៧​រណ្ដៅ និង​មាន​លលាដ៏ក្បាល​ ៣៥០២៧នាក់ ប៉ុន្តែ​មិន​មាន​អ្នក​ណា​ដឹង​ឡើយ​ថា​លលាដ៏​មួយ​ណា​ជា​របស់​អធិរាជ​សំឡេង​មាស ស៊ិន ស៊ីសាមុត​នោះ​ឡើយ​។

គួរ​ដឹង​ថា​លោក​ ស៊ិន ស៊ីសាមុត មាន​ស្រុក​កំណើត​នៅ​ខេត្ត ស្ទឹងត្រែង លោក​បាន​​​រៀប​ការ​ចំនួន ​២​ដង​ ដោយលោកមាន បុត្រាបុត្រី​សរុប ​​៤​នាក់។ បន្ទាប់ពីសម័យខ្មែរក្រហម មានតែកូនស្រីម្នាក់និងកូនប្រុសម្នាក់ទេដែលរួចរានមានជីវិត។ ក្នុង​នោះ​ដែរ​កូន​ប្រុស​លោក​តា គឺលោក​ ស៊ីន ចាន់ឆាយា ក៏​ជា​តារា​ចម្រៀង​ដូច​ជា​ឪពុក​ដែរ ប៉ុន្តែ​ជា​អកុសល​លោក​បាន​ទទួល​មរណភាព​កាល​ពី​ឆ្នាំ​២០១៥ ដោយ​​រអិល​ជើង​​ដួល៕

Share.