សិល្បៈជាតិ៖ ម៉ានិត បានប្រកាសពីស្នាដៃរបស់ខ្លួន​ដែលត្រៀមចេញនៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៣នេះ។ ស្នាដៃថ្មីនេះគឺជាសៀវភៅប្រលោមលោកបែបភ័យរន្ធត់ ដែលលោកបាននិពន្ធនិងចងក្រងសាច់រឿងពាក់ព័ន្ធជាមួយនឹងជំនឿ «សុំកូន»។ តើស្នាដៃថ្មីនេះមានអ្វីទាក់ទាញចិត្តប្រិយមិត្តអ្នកគាំទ្រ?

លោក ម៉ានិត បានរៀបរាប់ថា សៀវភៅនេះគឺលោកបានចងក្រងសាច់រឿងចម្លែកមួយដែលលោកបានដឹងពីអ៊ំស្រីម្នាក់នៅឆ្នាំ ២០២០ គាត់បានប្រាប់លោកពីរឿងសុំកូនដ៏ចម្លែកមួយដែលបានកើតឡើងនៅក្នុងខេត្តរបស់គាត់ ដែលក្នុងមួយជីវិតលោកមិនធ្លាប់ជួបរឿងរ៉ាវចម្លែកបែបនេះពីមុនមកទេ។

ម៉ានិត បន្តថា ការសុំកូននោះគឺត្រូវទៅសុំទៅកន្លែងដំបូកមួយនៅក្នុងព្រៃ ហើយភាគច្រើនអ្នកដែលទៅសុំ គឺជាមនុស្សដែលមិនអាចមានកូនបាន ពួកគេព្រមធ្វើគ្រប់យ៉ាងឱ្យតែបានកូន។ អ៊ំស្រីនោះមិនអាចនិយាយកន្លែងពិត ឈ្មោះពិតបានទេ ប៉ុន្តែគាត់បានប្រាប់លោកថា អ្នកដែលទៅសុំហើយគឺពិតជាទទួលបានកូនដូចប្រាថ្នាមែន។ ដោយឡែកការតបស្នងទៅម្ចាស់ដែលឱ្យវិញគឺពិតជាចម្លែកខ្លាំង។

ម៉ានិត ថា លោកបានយករឿង សុំកូន ដ៏ចម្លែកមួយនេះមកចងក្រងជាសៀវភៅប្រលោមលោក និងបានរាយរាប់លម្អិតពីពិធីបន់ស្រន់សុំកូន និងពីការលាស្បថដូចគ្នា។ សៀវភៅនេះនឹងធ្វើឱ្យអ្នកអានជក់ចិត្ត រហូតដល់បុកពោះ។សូមរង់ចាំតាមដាននៅថ្ងៃទី​៨ មិថុនា ស្អែកនេះ។

សូមជម្រាបថា ម៉ានិត គឺជាម្ចាស់ស្នាដៃសៀវភៅប្រលោមលោកជាច្រើន លោកចាប់ផ្ដើមអាជីពជាអ្នកនិពន្ធសៀវភៅ​នៅ​ឆ្នាំ ២០១៦ ហើយស្នាដៃរបស់លោកមានដូចជាសៀវភៅ «បេសកម្មមួយ» «ផ្ទះកណ្ដាលបឹង ១,២» «ជួបគ្នា ១៥ ឆ្នាំក្រោយ» «កូនទី ៦» «ព្រះនាងមុខ ១០០០ និងគ្រោះទាំង ៧ » និងប្រលោមលោកល្បីៗជាច្រើនរឿងទៀត៕

Share.