បន្ទាយមានជ័យ៖ ជនជាតិចិន ស្រវឹងស្រា បើករថយន្តបុកជនជាតិថៃរបួសធ្ងន់ រត់គេច សមត្ថកិច្ចតាមទាន់ឃាត់មិនចង់ឈ្នះ ដែលកើតហេតុនៅវេលាម៉ោង១២.១៥នាទី រំលងអាធាត្រ ឈានចូលថ្ងៃទី៧ខែ មិថុនាឆ្នាំ ២០២៣ ដែលតាមទាន់នៅចំណុចការ៉ាស់សាំង ខាងជើងផ្សារត្រី ស្ថិតនៅក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

សមត្ថកិច្ចបានប្រាប់ថា មុនពេលតាមទាន់រថយន្តម៉ាក Range rover  ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AM.3455 ដែលបើកបរដោយជនជាតិចិនមានគ្នាពីរនាក់ស្រវឹងស្រា បានបើករថយន្តបុកបុរសម្នាក់ដែលជាជនជាតិថៃកំពុងបើកម៉ូតូម៉ាកគ្រិចពណ៌ខ្មៅ គ្មានស្លាកលេខ បណ្តាលឲ្យបែកក្បាល របួសច្រើនកន្លែងរងរបួសធ្ងន់ធ្ងរ។

 សមត្ថកិច្ចបញ្ជាក់ថា ក្រោយពេលបើកបុកជនជាតិថៃរួចមក ជនជាតិចិនខាងលើនេះបានបើករថយន្តគេចខ្លួនត្រូវប្រជាពលរដ្ឋដេញតាមតែមិនព្រមឈប់រហូតដល់រថយន្តខូចខ្លួនឯងទៅមុខមិនរួចទើបឈប់ចំងាយពីកន្លែងកើតហេតុប្រហែល២គីឡូម៉ែត្រ។ តែជនជាតិចិនស្រវឹងស្រា នៅពេលសមត្ថកិច្ចមកឃាត់ រឹងទទឹងមិនគោរពសមត្ថកិច្ច រករឿងសមត្ថកិច្ច ធ្វើឲ្យសមត្ថកិច្ចតឹងសសៃ រុញចូលរថយន្តបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចំណែកជនរងគ្រោះត្រូវសមត្ថកិច្ចអន្តរាគមន៍បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនដើម្បីព្យាបាលជំងឺ ម៉ូតូនឹងរថយន្តត្រូវបានសមត្ថកិច្ចរក្សាទុកដើម្បីដោះស្រាយនៅពេលក្រោយ។

 ប្រជាពលរដ្ឋសំណូមដល់សមត្ថកិច្ចជំនាញសូមពង្រឹងនៅការត្រួតពិនិត្យ បណ្ណបើកបរជនបរទេស ពិនិត្យជាតិអាកុល និងធ្វើការផាកវិន័យអោយបានធ្ងន់ធ្ងរ ដើម្បីឲ្យជនបរទេស បង្កើនការប្រុងប្រយ័ត្នក្នុងការបើកបរ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍កើតឡើង៕

អត្ថបទ៖ប៉ោយប៉ែត

Share.