ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ដើមមៀន រួមជាមួយបងប្អូនប្រជាពលរដ្ឋប្រដេញតាមនិងចាប់ក្របួចបានភ្លាមៗ ក្រោយពីធ្វើសកម្មភាពឆក់កាបូបដៃយួរ ពីស្ត្រីរងគ្រោះ កំពុងធ្វើដំណើរតាមផ្លូវរួមជាមួយប្តី កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នៅតាមផ្លូវ២០៦ ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន ឈ្មោះ គឹម មនោរម្យ ហៅណូ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះ ឈ្មោះ ស៊ន ស្រីនាង ភេទស្រី អាយុ៣១ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយ មានទីលំនៅ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ក្នុងកាបូបដៃដែលចោរឆក់នោះមាន ទូរស័ព្ទដៃចំនួន២គ្រឿង ម៉ាកiphone.Xs maxពណ៌មាស និង ម៉ាក MEITU ពណ៌សលាយផ្កាឈូក របស់ជនរងគ្រោះ ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា មុនកើតហេតុ ស្ត្រីរងគ្រោះបានធ្វើដំណើរតាមម៉ូតូ ដោយប្តីជាអ្នកឌុប ធ្វើដំណើរឆ្ពោះទៅធ្វើការងារ នៅរាជធានីភ្នំពេញ តាមបណ្តោយផ្លូវ២០៦ ដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ ជិះម៉ូតូម៉ាកហុងដាឌ្រីម សេរី២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IS-3509 តាមពីក្រោយ ធ្វើសកម្មភាពឆក់យកកាបូបដៃយួរ ដែលជនរងគ្រោះដាក់លើភ្លៅ បានសម្រេចហើយ ជនសង្ស័យព្យាយាមបើកម៉ូតូរត់គេច តែត្រូវបានជនរងគ្រោះស្រែកផ្អើលប្រជាពលរដ្ឋ អ្នកដំណើរតាមផ្លូវ និងកម្លាំងនគរបាលប៉ុស្តិ៍ដើមមៀន ប្រដេញតាមចាប់ក្តបូឭួចបានភ្លាមៗ ។

ជាការកត់សំគាល់ជនសង្ស័យក្រោយពលរដ្ឋដេញតាមទាន់ នាំគ្នាស្វាគមន៍យ៉ាងចាស់ដៃ ដេកដួលមួយកន្លែង ។បន្ទាប់មកជនសង្ស័យត្រូវបាននាំទៅសាកសួរនៅអធិការដ្ឋានក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទ ៖ តាតុងពោធិ៍សែនជ័យ

Telegram-Troryorng
Share.