ភ្នំពេញ ៖ ក្មេងប្រុសអាយុ៤ឆ្នាំម្នាក់បានស្លាប់ ពេលដែលក្រុមគ្រួសារកំពុងដឹកបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ គ្រាដែលម្តាយជិះម៉ូតូឌុបកូនតូចៗ២នាក់ ត្រូវបានរថយន្តស្ទូចបើកស្របទិស កៀរម៉ូតូដួលហើយកិនកូនប្រុសម្នាក់ រួចរថយន្តបើករត់គេចបាត់ស្រមោល កាលពីវេលាម៉ោង៩និង១៥នាទីព្រឹក ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ នៅតាមផ្លូវបេតុង ភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ក្មេងប្រុសរងគ្រោះមាន ឈ្មោះ ជ័យ ពន្លឺ អាយុ៤ឆ្នាំ មានឪពុកឈ្មោះ ជ័យ ពន្លក អាយុ៣៥ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ ម្តាយឈ្មោះ ស្រេង ស្រីតូច អាយុ៣២ឆ្នាំ មុខរបរ មេផ្ទះ មានទីលំនៅក្នុងភូមិព្រៃសណ្តែក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

តាមការរៀបរាប់ពីស្ត្រីជាម្តាយបានឲ្យដឹងថា មុនកើតហេតុ បានជិះម៉ូតូម៉ាកNio ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀបរាប 1E-9792 ឌុបកូនប្រុសចំនួន២នាក់ (កូនរងគ្រោះអាយុ៤ឆ្នាំ និងកូនប្រុសពៅអាយុទើបជាង១ខួប) ធ្វើដំណើរតាមផ្លូវបេតុងពីលិចទៅកើត ដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តធុនធំ ប្រភេទស្ទូច បើកស្របទិសវ៉ាជែង ប៉ះកៀរទាក់ដៃចង្កូតដួល ទាំង៣នាក់ម្តាយកូន ហើយរថយន្តបានកិនប៉ះកូនប្រុសម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ រវល់តែយកកូនទៅពេទ្យ រថយន្តបើករត់គេចបាត់ស្រមោល ។

ស្ត្រីជាម្តាយបន្តទៀតថា កូនប្រុសក្នុងសភាពរបួសធ្ងន់ បានស្លាប់តាមផ្លូវពេលឆ្ពោះទៅមន្ទីរពេទ្យ តែមិនអឋ់ចិត្ត ទៅដល់មន្ទីរពេទ្យកុមាជាតិ ត្រូវបានក្រុមគ្រូពេទ្យបញ្ជាក់ហើយ កូនប្រុសពិតជាស្លាប់ រួចដឹកវិលត្រឡប់មកផ្ទះវិញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បន្ទាប់ពីដឹកសពកូនប្រុសមកដល់ផ្ទះហើយ ទើបស្ត្រីជាម្តាយរត់ទៅប្តឹងសមត្ថកិច្ចជាក្រោយ ដើម្បីចុះទៅពិនិត្យផ្ទាល់កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវស្វែងរករថយន្តបង្កមកដោះស្រាយតាមច្បាប់ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.