អ៊ុយក្រែន​បាន​ព្រមាន​ថា រុស្ស៊ី​អាច​នឹង​រៀបចំ​ផែនការ​បំផ្ទុះ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរដ៏​ធំ​បំផុត​នៅ​អឺរ៉ុប បន្ទាប់​ពី​ការ​ផ្ទុះ​នៅ​ទំនប់​វារីអគ្គិសនី​ដ៏ធំ​មួយ​បាន​បង្ក​ឲ្យ​មាន​ការ​ជន់​លិច​យ៉ាង​ខ្លាំង ​នៅ​ក្នុង​តំបន់ Kherson និង ​បង្ក​ជា​មហន្តរាយ​មនុស្សធម៌។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Daily mail នាថ្ងៃ ព្រហស្បតិ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៣។

ការផ្ទុះជាបន្តបន្ទាប់កាលពីព្រឹកថ្ងៃ អង្គារ កាលពីម្សិលមិញបានបណ្តាលឲ្យទំនប់ Nova Kahkovka ដ៏សំខាន់ដែលស្ថិតនៅតាមដងទន្លេ Dnieper ក្នុងទឹកដីដែលគ្រប់គ្រងដោយរុស្ស៊ីបានដួលរលំផ្នែកខ្លះ ហើយនាំឲ្យមាន «គ្រោះមហន្តរាយទឹកជំនន់»។

ទីប្រជុំជនរាប់សិបកន្លែង ត្រូវបានជន់លិចដោយទឹកជំនន់ ជាមួយនឹងវីដេអូដ៏គួរឲ្យភ្ញាក់ផ្អើលពីតំបន់ដែលបង្ហាញពីទិដ្ឋភាពនៃភូមិទាំងមូល ត្រូវបានលិចទឹក ហើយផ្ទះត្រូវបានទឹកហូរគួចទៅ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានចោទប្រកាន់រុស្ស៊ីថា បានបំផ្ទុះគ្រាប់បែកនៃការបំផ្លិចបំផ្លាញបរិស្ថានដ៏ធំធេង ដោយនិយាយថា «ឧក្រិដ្ឋកម្មនេះនាំមកនូវការគំរាមកំហែងយ៉ាងសម្បើម ហើយនឹងមានផលវិបាកធ្ងន់ធ្ងរដល់ជីវិតមនុស្ស និងបរិស្ថាន» ខណៈមន្ត្រីសន្តិសុខអាមេរិកបានព្រមានថា ទំនងជានឹងមានមនុស្សស្លាប់ជាច្រើន ដោយសារទឹកជំនន់។

ទន្ទឹមនឹងនោះ វិមានក្រឹមឡាំងបានស្តីបន្ទោសអ៊ុយក្រែនចំពោះការបំផ្ទុះនេះ ដោយអះអាងថា វាគឺជាការប៉ុនប៉ងរបស់ទីក្រុង Kyiv ដើម្បីបង្វែរអារម្មណ៍ពីការបើកការវាយលុកដ៏ធំដែលក្រុងម៉ូស្គូ និយាយថាកំពុងធ្លាក់ចុះ។

យ៉ាងណាម៉ិញ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានពណ៌នាការវាយប្រហារលើទំនប់វារីអគ្គិសនីថាជា «ទង្វើព្រៃផ្សៃ»។ ប៉ុន្តែមន្ត្រីសន្តិសុខកំពូលរបស់ Zelensky លោក Oleksiy Danilov បានច្រានចោលការចោទប្រកាន់នេះ ហើយបាននិយាយថា ជំហានបន្ទាប់របស់ពូទីន អាចជាការវាយប្រហារទៅលើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលស្ថិតនៅចម្ងាយត្រឹមតែជាង ១២៨គីឡូម៉ែត្រពីទន្លេ Kakhovka ហើយពឹងផ្អែកលើទឹកពីទំនប់ដើម្បីធ្វើឲ្យរ៉េអាក់ទ័ររបស់វាត្រជាក់។

លោក Danilov បានប្រាប់កាសែត Times ថា «ចាប់តាំងពីប្រតិបត្តិការវាយលុករបស់លោក ពូទីន បានឈានចូលដំណាក់កាលថ្មី ហើយចាប់តាំងពីគាត់បានបំផ្ទុះរោងចក្រវារីអគ្គិសនីតាមតម្រូវចិត្តរបស់គាត់មក គាត់ត្រៀមខ្លួនធ្វើអ្វីគ្រប់យ៉ាង»៕

ប្រភព៖ Daily Mail

Share.