សិល្បៈជាតិ៖ រឿងខ្លីរបស់កវីនិពន្ធ សុខ ចាន់ផល ដែលមានចំណងជើងថា «កាបូបលុយ» ត្រូវបានជ្រើសរើសបកប្រែសម្រួល និងបោះពុម្ពផ្សាយជាភាសាចិន ជាមួយនឹង “China-Cambodia Mutual Translation Project” ក្នុងនាមជាអ្នកនិពន្ធខ្មែរនាជំនាន់ក្រោយនេះ។

លោក សុខ ចាន់ផល បានលើកឡើងថា ដំណឹងដ៏រំភើបរីករាយមួយនេះ បានធ្វើឱ្យលោកចាត់ទុកថា គឺជាភ័ព្វសំណាងមួយក្នុងជីវិតជាអ្នកនិពន្ធរបស់លោក។ លោកថា ស្នាដៃមួយនេះ ក៏កំពុងតែត្រៀមខ្លួនចូលរួមនៅក្នុងកម្មវិធីពិព័រណ៍សៀវភៅនៅទីក្រុងប៉េកាំង «Beijing International Book fair» នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៣ នេះ។ អាស្រ័យហេតុនេះ ចំពោះបងប្អូនខ្មែរដែលរស់នៅទីនោះ ក៏អាចទៅចូលរួម និងស្វែងរកបានផងដែរ។

លោក សុខ ចាន់ផល ពិតជាអគុណដល់អ្នកជ្រោមជ្រែងបង្កើតនូវសមិទ្ធិផលដ៏មានអត្ថន័យខ្លឹមសារ ជួយពាំនាំអក្សរសិល្ប៍ខ្មែរទៅកាន់ប្រទេសចិន និងសូមដឹងគុណដល់អក្សរសិល្ប៍ ដែលផ្ដល់ឱកាសឱ្យលោកបានសរសេរចែករំលែកបទពិសោធន៍អារម្មណ៍ទៅកាន់មនុស្សផងគ្នា។

សូមជម្រាបថា រឿង «កាបូបលុយ» គឺរៀបរាប់​ពី​ការធ្វើ​អំពើ​ល្អ​របស់​ក្មេងស្រី​លក់​កម្រងផ្កា​តាម​ចិញ្ចើម​ផ្លូវ​ម្នាក់ ទៅកាន់​បុរស​អ្នក​មាន​ម្នាក់​។ នាង​រើស​បាន​កាបូប​លុយ​របស់​បុរស​នោះ ហើយ​នាង​ក៏​បាន​ប្រគល់​ឲ្យ​បុរស​នោះ​វិញ​ដោយ​មិន​ទាមទារ​ការ​តបស្នង​។ ព្រោះនេះគឺជាអំពើល្អដែលនាងចង់បង្ហាញទៅសង្គម និងឱ្យមនុស្សដទៃទៀតយកគំរូតាម។ រឿងខ្លីនេះលោកបាន​និពន្ធ​នៅ​ឆ្នាំ​២០០៨​ និងបានផលិតជាភាពយន្ត​ដើម្បី​ចូលរួម​ប្រកួត​ក្នុងមហោស្រពភាពយន្ត​ខ្លាត​ខ្លីចតុម្មុខនៅចុងឆ្នាំ​២០១៦​​៕

Share.