សិល្បៈជាតិ៖ បើកឆាកដំបូងនៃកម្មវិធី The Voice Cambodia 2023 គេស្រាប់តែឃើញបេក្ខនារី ឡាវ សុផា លើកបទចម្រៀង «បួសសងគុណម្ដាយ» យកមកច្រៀងប្រកួត។ ការលើកបទចម្រៀងនេះ ត្រូវបានគេសម្លឹងឃើញ​ថា​ អ្នកនាងគឺជាបេក្ខនារីដំបូងគេ ដែលប្រើការគិតខុសពីបេក្ខជនដទៃទៀត។

តាមរយៈការប្រកួតក្នុងកម្មវិធីលំដាប់ពិភពលោកនានាកន្លងមក គេតែងសម្គាល់ឃើញថា បេក្ខភាពមកប្រកួតភាគច្រើនគឺពោរពេញទៅដោយសមត្ថភាព ហើយខ្លះទៀតអាចបកស្រាយបទចម្រៀងជាភាសាបរទេសបានថែមទៀត។ សម្រាប់បេក្ខនារី ឡាវ សុផា វិញ នាងបានលើកយកចម្រៀងខ្មែរដែលមានសំនៀងរឌឺនមកបកស្រាយ រហូតទាក់ចិត្តគណៈកម្មការទាំង ៤ ឱ្យបង្វិលកៅអីមករកអ្នកនាង។

បេក្ខនារីដែលមានវ័យ ២៦ ឆ្នាំមកពីខេត្ត កំពត រូបនេះ បានសម្រេចចិត្តជ្រើសយកអ្នកនាង​ ពេជ្រ សោភា ធ្វើជាគ្រូបង្វឹក ហើយនៅពេលសំឡងរបស់នាងកំពុងទាក់ចិត្តមហាជនអ្នកគាំទ្រពាសពេញបណ្ដាញសង្គម ដើម្បីឱ្យរងចាំទស្សនាមើលនាងប្រកួតនៅក្នុងវគ្គ Battle Round ជាបន្តទៀត។

សូមជម្រាបថា បទ «បួសសងគុណម្ដាយ» គឺមានបទដើមរបស់ខ្មែរសុរិន្ទដែលមានចំណងជើងថា «សងគុណ» បកស្រាយដោយអ្នកនាង​ ណាវ៉ាន មឿងសុរិន្ទ នៅក្នុងអាល់ប៊ុមចម្រៀង «ម៉ាស្រុកតងមានមួយ» ក្រោយមកក៏មានតារាចម្រៀងខ្មែរលើកយកមកបកស្រាយដូចជា អ្នកនាង អឿន ស្រីមុំ កញ្ញា អ៊ីវ៉ា ជាដើម៕

សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Share.