សិល្បៈជាតិ៖ គម្រោងសិល្បៈស-ស មានក្តីសោមនស្សរីករាយសូមនាំមកបង្ហាញជូននូវពិព័រណ៍សិល្បៈវីដេអូមួយមានចំណងជើងថា «និទានកថារស់» ដែលនាំមកនូវវីដេអូសម្រង់ចេញពីសមុច្ច័យរបស់សន្ទនាជាមួយវីដេអូថ្មីមួយ តាមរយៈស្នាដៃរបស់សិល្បករអន្តរជាតិជាស្ត្រីចំនួន ៥ រូបគឺ៖ ម៉ាថា អាធានស្សា (ហ្វីលីពីន), អាណា ម៉ារៀ មីឡាន់ (កូឡុំប៊ី-អាល្លឺម៉ង់), ថាវ ងូយិន ផាន់ (វៀតណាម), អាណា វ៉ាហ្ស (ប្រេស៊ីល) និង ខន់នី ហ្សេង (ចិន-សហរដ្ឋអាមេរិក​)​។​

«និទានកថារស់» ផ្តោតលើរូបភាពមានចលនាជាទម្រង់សិល្បៈ និងជាឧបករណ៍យុទ្ធសាស្ត្រមួយ ក្នុងការចងក្រងសាច់រឿង និងនិទានកថា។ ពិព័រណ៍នេះ ក៏ទទួលស្គាល់ផងដែរថានិទានកថាមិនមានស្ថេរភាពទេ ប៉ុន្តែវាបើកចំហរសម្រាប់ការបកស្រាយឡើងវិញ ដោយសារវាត្រូវបានបង្កើតសារជាថ្មីឥតឈប់ឈរ។ ដោយពិនិត្យលើស្នាដៃវីដេអូចំនួន ៥ មកពីអាស៊ី និងជុំវិញពិភពលោក ពិព័រណ៍ «និទានកថារស់» សិក្សា និងធ្វើឱ្យអោយលែងមានភាពច្បាស់លាស់រវាងវិធីសាស្ត្រនិងប្រភេទផ្សេងៗគ្នា ក្នុងការបង្កើតនិទានរឿង។

សិល្បករនៅក្នុងពិព័រណ៍ «និទានកថារស់» មានភាពដ៏ប៉ិនប្រសប់ ហាក់ជាម្ចាស់នៃទម្រង់រូបភាពមានចលនានេះ ដោយពង្រីកលទ្ធភាពនិងសក្តានុពលរបស់វាក្នុងការបង្កើតស្នាដៃ ដោយគេបានរួមបញ្ចូលតាំងពីគំនូរ គំនូរជីវចលឌីជីថល និងវីដេអូហ្គេម រហូតដល់ការសម្តែង ខ្សែភាពយន្តបែបពិសោធន៍និងភាពយន្តឯកសារឬក៏បើសាច់រឿងដែលបានសរសេរទុកជាមុន និងក្បាច់សម្តែងដែលបានត្រៀមសម រហូតដល់ការសហការបង្កើតឡើងរួមគ្នាភ្លាមៗដោយមិនបានព្រាងទុកជាដើម។

ស្នាដៃដែលដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍ «និទានកថារស់» លើកឡើងពីបញ្ហាសំខាន់ៗជាច្រើនដែលយើងកំពុងប្រឈមមុខ និងរងផលប៉ះពាល់យ៉ាងខ្លាំងនាពេលបច្ចុប្បន្ន។ ក្នុងនោះរួមមានអាណានិគម
និយម និងអ្វីដែលបានបន្សល់ទុក, ទំនើបភាព, ប្រវត្តិសាស្ត្រដែលមិនបានសរសេរទុក និងការភ្លេចភ្លាំងសមូហភាព, ការផ្លាស់ទីលំនៅ និងការតស៊ូមតិរបស់សហគមន៍ជនជាតិដើមសម្រាប់ដី និងសមុទ្ររបស់ពួកគេ, និងវិបត្តិអេកូឡូស៊ីជាដើម។

ដោយមិនបានជាប់គាំងស្ទះដោយសារពេលវេលានិងទីកន្លែងណាមួយស្នាដៃទាំងអស់នេះបានធ្វើដំណើរឆ្លងកាត់កាលវេលា និងលំហផ្សេងៗជាច្រើន (ទាំងជាក់ស្ដែងក្ដី ប៉ាន់ស្មានក្ដី និងស្រមើស្រមៃក្តី) ហើយចងក្រងបានទៅជាទស្សនៈម្ខាងទៀតជាច្រើន ឆ្លើយតបទៅនឹងសំណេរប្រវត្តិសាស្ត្រនានា។ ដោយវេញត្របាញ់ចូលគ្នានូវការពិតនិងភាពប្រឌិត ភាពជាក់ស្ដែងនិងការស្រមើស្រមៃស្នាដៃវីដេអូនៅក្នុងពិព័រណ៍ «និទានកថារស់» ទាំងនេះលើកជាសំណួរ និងស្វែងយល់ពីលក្ខខណ្ឌនៃតំបន់ផ្សេងៗក្នុងអាស៊ីនិងលើសកលលោក ខណៈពេលដែលជំរុញការត្រិះរិះពិចារណា និងការស្រមៃរបស់យើងអំពីស្ថានភាពយើង ទាំងអតីតកាល បច្ចុប្បន្នកាល និងអនាគត។

សូមជម្រាបថា ពិព័រណ៍ «និទានកថារស់» នេះ ធ្វើឡើងពីថ្ងៃទី៧ មិថុនា ដល់ ១២ សីហា ឆ្នាំ ២០២៣ នៅគម្រោងសិល្បៈស-ស ផ្ទះលេខ ៤៧ ផ្លូវ ៣៥០ (ជិតកែងផ្លូវ ៩៥) រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានបន្ថែម៖ info@sasaart.info | ០៩២ ៩៦១ ៩៧៤ ៕

Share.