ភ្នំពេញ ៖ ម៉ូតូហុងដាឌ្រីមមួយគ្រឿងជិះលឿនជ្រុលទៅបុកពីក្រោយម៉ូតូស្កុបពី បណ្តាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់ ចំណែកបុរសម្នាក់ទៀតរងរបួសស្រាល ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីល្ងាចថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ នៅតាមផ្លូវសហព័ន្ធរុស្សុី ខាងកើតស្ពានអាកាសចោមចៅ ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រជាពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុគេឃើញ ស្ត្រីម្នាក់ជិះម៉ូតូម៉ាក ស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JS-4705 ក្នុងទិសដៅពីលិចទៅកើត ដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AE-3798 ល្បឿនលឿនពីលិចទៅកើតជ្រុលបុកពីក្រោយម៉ូតូស្កុបពី បណ្តាលឲ្យដួល រងរបួសធ្ងន់ស្ត្រីម្នាក់ ចំណែកបុរសម្នាក់ជាភាគីបង្ក រងរបួសស្រាល ។

ក្រោយកើតហេតុស្ត្រីរងគ្រោះ របួសធ្ងន់ ត្រូវបានប្តីដឹកតាមម៉ូតូកង់បីយកទៅពេទ្យ ចំណែកម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងចាំភាគីសងខាងចូលដោះស្រាយគ្នានៅពេលក្រោយទៀត ៕

អត្ថបទ៖តាតុងសែនជ័យ

Share.